(ភ្នំពេញ)៖ គណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ចង់ឱ្យកម្ពុជាលើកពីភាពជោគជ័យ នៃការវិនិយោគរបស់កាណាដានៅកម្ពុជា ដូចជា៖ ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ដើម្បីជាសក្ខីភាពផ្សព្វផ្សាយ ដល់សហគមធុរកិច្ចកាណាដា ឱ្យពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ដឹកនាំដោយលោក Paul Thoppil តំណាងការិយាល័យពាណិជ្ជកម្ម កាណាដាប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នាពេលថ្មីៗនេះ។
តំណាងការិយាល័យពាណិជ្ជកម្មកាណាដា ក៏បានលើកឡើងពីសារៈសំខាន់ នៃការជំរុញបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលកិច្ចព្រមព្រៀងនេះ នឹងដើរតួនាទីជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការជំរុញទាក់ទាញការវិនិយោគកាណាដាមកកម្ពុជា។
ភាគីកាណាដា ក៏បានទទួលស្គាល់ពីសក្តានុពលខ្ពស់របស់កម្ពុជា ដូចជា៖ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ភាពបើកចំហរ នៃរបបលើកទឹកចិត្តវិនិយោគ និងកម្លាំងពលកម្មវ័យក្មេង។ ប៉ុន្តែសហគមធុរកិច្ចកាណាដាភាគច្រើន នៅមិនទាន់ទទួលបាន និងមិនទាន់យល់ច្បាស់ពី ព័ត៌មានបច្ចុប្បន្នភាព នៃស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែង និងបរិស្ថានវិនិយោគនៅកម្ពុជានៅឡើយ។
ក្នុងន័យនេះ តំណាងការិយាល័យពាណិជ្ជកម្មកាណាដា យល់ថា មានភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែងពីកម្ពុជា ទៅកាន់សហគមធុរកិច្ចកាណាដា។
លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់លោក Paul Thoppil ហើយបានជម្រាបជូនថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានក្តីសោមនស្សរីករាយសហការ ជាមួយភាគីកាណាដា ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មានពីកម្ពុជា។
លោកអគ្គលេខាធិការ ក៏បានជម្រាបជូនថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសកាណាដា ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា។
លោកអគ្គលេខាធិការបានស្នើឱ្យភាគីកាណាដា ជួយបន្តជំរុញផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់សហគមធុរកិច្ចកាណាដា និងបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនកាណាដា ពិចារណាធ្វើការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ និងវិស័យកសិ-ឧស្សាហកម្ម។
ក្នុងឱកាសនោះ លោកអគ្គលេខាធិការបានលើកឡើងផងដែរថា ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ កម្ពុជាទទួលបានរំហូរកំណើនវិនិយោគយ៉ាងគំហុគ ក្នុងទុនវិនិយោគរហូតដល់ប្រមាណ ៧.៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា១ឆ្នាំចុងក្រោយ នៃរាជរដ្ឋាភិបាល នីតិកាលទី៦៕