(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ឆាប់ៗខាងមុខនេះធនាគារទាំងអស់នៅកម្ពុជានឹងចេញ KHQR តែ១ប៉ុណ្ណោះ ប៉ុន្ដែអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ ដូច្នេះចំពោះអតិថិជនណាដែលមិនមានគណនីជាប្រាក់រៀលនោះទេធនាគារនឹងបង្កើតគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនដល់អតិថិជន។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃនេះឃើញថា មានការប្រតិកម្មពីសាធារណជន ដែលសុខៗមានការបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ និងមិនមានការជូនដំណឹងជាមុន ដល់អតិថិជនដែលជាអ្នកប្រើប្រាស់ ចំពោះការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនដល់អតិថិជននេះ ដោយសារតែឆាប់ៗខាងមុខនេះ ដើម្បីផ្ដល់ភាពងាយស្រួល ជំរុញការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រើប្រាស់ KHQR តែមួយប៉ុណ្ណោះ ដោយអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ។
លោកស្រីបណ្ឌិតបន្ដថា ត្រង់ចំណុចនេះមានន័យថា ធនាគារជាតិនៃកម្ពុជានឹងបង្រួម QR Code តែមួយប៉ុណ្ណោះ ដោយមានតែប្រាក់រៀលតែមួយគត់ លែងមានម្ខាងជា QR Code ប្រាក់រៀល និងម្ខាងជា QR Code ប្រាក់ដុល្លារទៀតហើយ មានតែ QR Code ប្រាក់រៀលមួយប៉ុណ្ណោះ ប៉ុន្ដែអាចស្កេនទូទាត់ ប្រតិបត្តិការបានទាំងប្រាក់ដុល្លារ និងប្រាក់រៀល។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «ហេតុអ្វីបានជាយើងតម្រូវឲ្យបង្កើតគណនីប្រាក់រៀល? ចំពោះគណនីប្រាក់រៀលនេះ គឺតម្រូវជាដាច់ខាតឲ្យអតិថិជនទាំងអស់មាន ទោះបីជាគណីប្រាក់រៀលនេះ មិនសូវមានសកម្មភាព ក្នុងការប្រើប្រាស់ក្ដីព្រោះថា ប្រសិនបើអតិថិជនមិនព្រមបើកគណនីប្រាក់រៀលនោះទេ មានតែគណនីប្រាក់ដុល្លារតែមួយនោះការទូទាត់ការប្រើប្រាស់ទាំងឡាយណាក៏ដោយ ទាំងប្រាក់ដុល្លារ និងប្រាក់រៀល គឺមិនអាចដំណើរការបានឡើយ មានន័យថា យើងអាចប្រតិបត្តិការបានលុះត្រាអ្នកប្រើប្រាស់មានគណនីជាប្រាក់រៀល និងប្រាក់ដុល្លារ»។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «គោលបំណងសំខាន់ក្នុងការតម្រូវ និងបើកគណនីប្រាក់រៀល ជូនដល់សាធារណជននេះគឺ៖ ជំរុញការប្រើប្រាស់ប្រាក់រៀល, សម្រួលការទូទាត់ក្នុងស្រុក ក៏ដូចជាការទូទាត់ឆ្លងដែន, បង្រួមការប្រើប្រាស់ QR Code ច្រើន, លើកកម្ពស់វិស័យទេសចរណ៍ ផ្ដល់ភាពងាយស្រួល ដល់ទេសចរណ៍ក្នុងការទូទាត់ប្រាក់»។
លោកស្រីបណ្ឌិតបញ្ជាក់ថា ឆាប់ៗនេះផងដែរ ធនាគារជាតិនៃកម្ពុជា នឹងចេញសេចក្ដីណែនាំ ដល់គ្រឹះស្ថានធនាគារទាំងអស់ថា ចំពោះគណនីប្រាក់រៀលធនាគារជាតិនៃកម្ពុជា តម្រូវឲ្យបើកជូនដល់អតិថិជន ដែលមិនទាន់មានគណនីប្រាក់រៀលនេះ គឺមិនតម្រូវឲ្យមានការយកសេវាណាមួយពីអតិថិជន ដែលប្រើប្រាស់គណនីប្រាក់រៀលនោះឡើយ ទោះបីជាគណនីប្រាក់រៀលនេះ មិនសូវសកម្ម អសកម្ម ឬក៏អតិថិជនត្រូវបិទគណនីប្រាក់រៀលនេះចោលក៏ដោយ ក៏មិនតម្រូវឲ្យមានការគិត ឬកាត់កម្រៃនៃការប្រើប្រាស់ពីអតិថិជនឡើយ៕