(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ស៊ូនិឈិ ស៊ូហ្ស៊ូគី (Shunichi Suzuki) បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលជប៉ុននឹងបន្តវិភាគពីផលប៉ះពាល់ដោយសារការឡើងថ្លៃប្រាក់យ៉េនទៅលើសេដ្ឋកិច្ច និងឆ្លើយតបយ៉ាងសមស្រប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Suzuki ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «ជំហររបស់យើងគឺថា អត្រារូបិយប័ណ្ណគួរតែត្រូវបានកំណត់ដោយទីផ្សារដែលឆ្លុះបញ្ចាំងពីមូលដ្ឋាននានា ប៉ុន្តែការប្រែប្រួលយ៉ាងឆាប់រហ័សមិនគួរកើតមានទេ»។
តម្លៃប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលជាងមួយឆ្នាំធៀបនឹងប្រាក់យ៉េន ដោយជួញដូរក្រោមតម្លៃ ១៤០យ៉េនក្នុងមួយដុល្លារកាលពីថ្ងៃចន្ទ ដោយសារការរំពឹងថា ធនាគារកណ្តាលអាមេរិកអាចកាត់បន្ថយអត្រាការប្រាក់ ៥០ពិន្ទុគោល (០,៥ភាគរយ) នៅក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយរបស់ខ្លួនក្នុងសប្តាហ៍នេះ។
លោក Suzuki បាននិយាយថា ប្រាក់យ៉េនកាន់តែឡើងថ្លៃអាចប៉ះពាល់ដល់សេដ្ឋកិច្ចទាំងវិជ្ជមាននិងអវិជ្ជមានតាមរយៈបណ្តាញផ្សេងៗ ដូចជាការលក់នៅក្រៅប្រទេសរបស់ក្រុមហ៊ុននាំចេញ និងការកើនឡើងតម្លៃទំនិញនាំចូលដែលប៉ះពាល់លើគ្រួសារនិងអាជីវកម្ម។
លោកបានកត់សម្គាល់ថា ប្រាក់យ៉េនបាននិងកំពុងជួញដូរលើសពីកម្រិតមធ្យម ១៤៥យ៉េនក្នុងមួយដុល្លារ ដែលខ្ពស់ជាងកម្រិតដែលក្រុមហ៊ុនជប៉ុនរំពឹងថាកើតមានក្នុងរយៈពេលឆមាសទីពីរនៃឆ្នាំសារពើពន្ធនេះ ប៉ុន្តែប្រាក់ចំណូលនិងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេជាទូទៅនៅមានសុខភាពល្អនៅឡើយ។
លោកបានមានប្រសាសន៍ថា៖ «ទន្ទឹមនឹងនោះ យើងនឹងបន្តធ្វើការវិភាគយ៉ាងត្រឹមត្រូវអំពីផលប៉ះពាល់នៃការប្រែប្រួលអត្រាប្តូរប្រាក់បរទេស និងចលនាតម្លៃទំនិញប្រើប្រាស់មកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ហើយឆ្លើយតបយ៉ាងសមស្រប»៕