(ភ្នំពេញ)៖ នៅសល់តែប្រមាណ ១១ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ ពន្ធលើអចលនទ្រព្យសម្រាប់ ឆ្នាំ២០២៤ នឹងត្រូវផុតកំណត់ ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខាន មិនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យបានទាន់ពេលវេលា នឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និង/ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួនរួចរាល់ អាចប្រកាស និងបង់ប្រាក់ពន្ធបានទាំងផ្ទាល់ និងអនឡាញ តាមរយៈមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖
* តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App
* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។
ដោយឡែកអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី និង/ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន ត្រូវរួសរាន់មកចុះបញ្ជី និង/ឬ ធ្វើបច្ចុប្បន្នភាពនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវឯកសារមួយចំនួន ដូចខាងក្រោម៖
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)
* ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់ អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)
* ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្ដោយ)
* រូបថតអចលនទ្រព្យ
* បំពេញទម្រង់ Form PT01
* វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)
* ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់
* លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។
អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មានជូន រដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយ នូវឯកសារដូចបានបញ្ជាក់ខាងលើ រួមជាមួយបង្កាន់ដៃ បញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យដែល៖
* មូលដ្ឋានគិតពន្ធត្រូវបានប្រែប្រួល ដូចជាដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
* អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ៕