(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងកម្ពុជា និងម៉ាឡេស៊ី ដោយក្នុងនោះធនាគារ មេឃប៊ែង ជាធនាគារសម្រាប់ប្រតិបត្តិការ។
ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរនេះ រៀបចំឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Dato Khairussaleh Ramli ប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធធនាគារ មេយប៊ែង និងភ្ញៀវកិត្តិយសជាច្រើនទៀត។
ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរមាន ២ដំណាក់កាល ដោយដំណាក់កាលទី១ អនុញ្ញាតអ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័ត របស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំង ពាណិជ្ជករជាងពីរលានកន្លែងដូចជា ភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ ដែលបង្ហាញឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូតថ្នាក់ជាតិ របស់ប្រទេសម៉ាឡេស៊ី។ ដូច្នេះចាប់ពីឥឡូវនេះ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ក្នុងប្រទេសម៉ាឡេស៊ី។
ចំណែកដំណាកកាលទី២ នឹងអនុញ្ញាតឲ្យប្រជាជន មកពីប្រទេសម៉ាឡេស៊ីនឹងអាចប្រើប្រាស់កម្មវិធី ធនាគារចល័តរបស់គ្រឹះស្ថានធនាគារពាណិជ្ជជាសមាជិក ដើម្បីស្កេនខេអេចឃ្យូអរកូត (KHQR Code) ទៅកាន់ពាណិជ្ជករ នៅក្នុងប្រទេសកម្ពុជា។
ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ទទួលបាននូវបទពិសោធទូទាត់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ការពង្រីកបណ្តាញទូទាត់យ៉ាងទូលំទូលាយនេះនឹងធានាថា អ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធី M2U KH អាចទទួលបានបទពិសោធន៍ទូទាត់យ៉ាងរលូន និងងាយស្រួលនៅទូទាំងប្រទេសម៉ាឡេស៊ី។
នៅក្នុងដំណាក់កាលទី១ នៃគម្រោងតភ្ជាប់នេះប្រជាជនកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធី M2U KH សម្រាប់ទូទាត់នៅប្រទេសម៉ាឡេស៊ី ដោយស្កេនឃ្យូអរកូត DuitNow QR នៅតាមទីតាំងពាណិជ្ជករ ដោយផ្ទាល់បានយ៉ាងងាយស្រួល ប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើការទូទាត់ ដោយប្រើរូបិយប័ណ្ណរៀលខ្មែរ ជារូបិយប័ណ្ណគោល ខណៈរូបិយប័ណ្ណទូទាត់ជា រីងហ្គីតម៉ាឡេស៊ី។
គម្រោងទូទាត់ឆ្លងដែននេះនឹងផ្តល់នូវភាពងាយស្រួល រហ័ស និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ព្រឹត្តិការណ៍នាថ្ងៃនេះ ជាសមិទ្ធផលដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពី កិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងធនាគារកណ្តាលទាំងពីរ និងដៃគូសហការនៅប្រទេសទាំងពីរ។ គម្រោងទូទាត់ឆ្លងដែននេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងប្រទេសទាំងពីរ ដែលបង្ហាញពីជំហានដ៏សំខាន់ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លើការតភ្ជាប់ប្រព័ន្ធទូទាត់រាយ ដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព និងដែលត្រូវបានតភ្ជាប់ទូទាំងតំបន់»។
លោកស្រីបណ្ឌិតបានបន្ដថា ការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ សម្រេចទៅបានដោយមាន កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំពីសំណាក់ដៃគូសំខាន់ៗ ពីប្រទេសទាំងពីររួមមាន ប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិនៃកម្ពុជា និង Payment Network Malaysia (PayNet) និង ធនាគារ មេយប៊ែង ដែលជាធនាគារប្រតិបត្តិការ។
លោក DatoKhairussaleh Ramli បានថ្លែងថា «ការតភ្ជាប់គម្រោងទូទាត់ឆ្លងដែន តាមឃ្យូអរកូតនេះ នឹងពង្រីកវិសាលភាពនៃ សេវាកម្មទូទាត់ឆ្លងប្រទេស របស់ធនាគារ មេយប៊ែង ហើយក៏នឹងរួមចំណែក ដល់ការសម្រេចបាននូវទំនើបកម្ម ក៏ដូចជាការអភិវឌ្ឍកាន់តែរីកចម្រើន នៅក្នុងតំបន់អាស៊ាន។ គំនិតផ្តួចផ្តើមនេះក៏ស្របតាមយុទ្ធសាស្ត្រ M25+ របស់យើងក្នុងការពង្រឹងវត្តមានរបស់ធនាគារ មេយប៊ែង នៅក្នុងតំបន់ដោយផ្តល់នូវដំណោះស្រាយអាជីវកម្ម និងសេវាកម្មដែលមានភាពខុសប្លែកពីគេ ជូនដល់អតិថិជនរបស់យើង»។
លោកបានបន្ដថា ទាំងនេះបានឆ្លុះបញ្ចាំងពី ទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យា របស់ធនាគារ មេយប៊ែង នៅគ្រប់បណ្តាប្រទេសជាគោលដៅសំខាន់។
លោក Farhan Ahmad នាយកប្រតិបត្តិនៃ PayNet Group បានថ្លែងថា PayNet មានសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍កម្ពុជាជាដៃគូ សម្រាប់គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថល ក្នុងតំបន់អាស៊ាន ចាប់ពីឥឡូវនេះតទៅ អ្នកដំណើរពីកម្ពុជា នឹងអាចទូទាត់នៅប្រទេសម៉ាឡេស៊ី បានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់។
សូមជម្រាបថា គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយបណ្ដាប្រទេសនានាជាច្រើន ប្រកបដោយភាពជោគជ័យ ក្នុងនោះរួមមានថៃ វៀតណាម, កូរ៉េ ចិនជាដើម ហើយនៅថ្ងៃអនាគតនឹងមានការសហការ ជាមួយបណ្ដាប្រទេសជាច្រើនផ្សេងទៀត៕