(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពី ការអនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះការជួលអចលនទ្រព្យ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
សេចក្ដីណែនាំបានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកសហគ្រាស ឬកម្មសិទ្ធិករមួយចំនួន បានធ្វើកិច្ចសន្យាជួលអចលនទ្រព្យ ដល់អតិថិជនជាសិទ្ធិវន្ត ហើយបានទុកពេលមួយរយៈ ដើម្បីឱ្យអតិថិជនសាងសង់ រចនា ជួសជុល ឬកែលម្អ ដី ឃ្លាំង អគារ ឬការិយាល័យ សម្រាប់គោលដៅអាជីវកម្ម។
ដើម្បីសង្គតិភាព ក្នុងការអនុវត្តបទប្បញ្ញត្តិ ស្តីពីពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែម អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដូចខាងក្រោម៖
១៖ កិច្ចសន្យាជួលអចលនទ្រព្យ ដែលមានចែងអំពីការទុករយៈពេលសម្រាប់សាងសង់ រចនា ជួសជុល ឬកែលម្អហើយអំឡុងពេលនោះ ម្ចាស់អចលនទ្រព្យមិនគិតថ្លៃឈ្នួល ឬគិតថ្លៃឈ្នួល ក្នុងកម្រិតណាមួយ ពន្ធលើប្រាក់ចំណូលពន្ធ កាត់ទុកលើថ្លៃឈ្នួលអចលនទ្រព្យ និងអាករលើតម្លៃបន្ថែម ត្រូវអនុវត្តតាមកិច្ចសន្យានោះ។ ការទុករយៈពេលសម្រាប់សាងសង់ រចនា ជួសជុល ឬកែលម្អ មិនត្រូវលើសពី ១០ភាគរយ នៃរយៈពេលជួលសរុបក្នុងកិច្ចសន្យា។
២៖ ក្នុងករណីមានកិច្ចសន្យាដូចមានចែងក្នុងចំណុចទី១ ខាងលើ ម្ចាស់អចលនទ្រព្យត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធ នូវកិច្ចសន្យាជួលអចលនទ្រព្យនោះក្នុងអំឡុងពេល ៣០ថ្ងៃ ក្រោយថ្ងៃចុះកិច្ចសន្យា។
៣៖ ប្រសិនបើរយៈពេលសម្រាប់សាងសង់ រចនា ជួសជុល ឬកែលម្អ ត្រូវបានពន្យារ ម្ចាស់អចលនទ្រព្យត្រូវស្នើសុំមករដ្ឋបាលសារពើពន្ធដើម្បីពិនិត្យ និងសម្រេច៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ៖