(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង និងរតនគិរី សំណូមពរឲ្យមានរោងចក្រធំៗ ជួយប្រមូលទិញកសិផលពីកសិករ ដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យមានចំណូល និងជីវភាពល្អប្រសើរ។
ការលើកឡើងរបស់លោក កែវ សុទ្ធារិទ្ធ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ពាណិជ្ជកម្ម នៅតំបន់ភូមិភាគឦសាន្ត»។
លោក កែវ សុទ្ធារិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះនៅភូមិភាគឦសាន្ត មានអ្នករកស៊ីខ្នាតធំច្រើនដែរ ប៉ុន្ដែការប្រមូលទិញកសិផល ពីប្រជាកសិករ មិនមានការប្រមូលខ្នាតធំនោះឡើយ ហើយចំពោះការនាំចេញ គឺមានតែនាំចេញទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះ។
លោក កែវ សុទ្ធារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីសម្រួលក្នុងការប្រមូលទិញកសិផល ខ្ញុំសូមស្នើ និងសំណរពរឲ្យរោងចក្រធំៗ ប្រមូលទិញកសិផលពីកសិករ ក្នុងការនាំចេញ។ បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រម្សៅមី ២កន្លែងហើយ ប៉ុន្ដែរោងចក្ររបស់កូរ៉េ ហាក់មានការរអាក់រអួល ពុំមានដំណើរការល្អប្រសើរឡើយ ដោយសារតែដំឡូងមិនមានជាតិម្សៅមីល្អ ដូច្នេះអំឡុងពេលណាមួយ ដែលយើងដោះស្រាយបញ្ហានេះរួចរាល់ នោះផលចំណេញនឹងធ្លាក់លើប្រជាពលរដ្ឋ ប្រជាពលរដ្ឋនឹងមានជីវភាពធូធារ»។
លោកបានបន្ដថា បច្ចុប្បន្ននេះអាជីវករពុំទាន់យល់ច្បាស់ពីច្បាប់ទម្លាប់ ដូច្នេះមិនអាចរួមសហការជាមួយសភាពាណិជ្ជកម្មបានល្អប្រសើរឡើង ដូច្នេះដើម្បីសម្រួលបញ្ហាទាំងនេះ យើងបានស្នើសុំមន្ទីរជំនាញ រៀបចំជាសហគមន៍ដំឡូងមី ស្វាយចន្ទី ដើម្បីអាយស្រួលក្នុងការបំពេញការងារ៕