(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមនៅថ្ងៃសុក្រសប្តាហ៍នេះបានរាយការណ៍ពីការខាតបង់កាន់តែខ្លាំងក្នុងត្រីមាសទី២ ដោយសារការកើនឡើងការចំណាយទាក់ទងនឹងការពង្រីកការលក់នៅតំបន់អាស៊ីប្រកបដោយមហិច្ឆតារបស់ខ្លួន បើទោះបីជាប្រាក់ចំណូលនៅតែស្ថិតក្នុងនិន្នាការកើនឡើងក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន VinFast ដែលបានចាប់ផ្តើមចែកចាយរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុនបានរាយការណ៍ពីការខាតបង់សរុបចំនួន ២២៤លានដុល្លារក្នុងអំឡុងពីខែមេសាដល់ខែមិថុនា បើធៀបនឹងការខាតបង់សរុបចំនួន ១៥១លានដុល្លារនៅក្នុងត្រីមាសទី១។
បើទោះបីជាប្រាក់ចំណូលបានកើនឡើង ៣៣ភាគរយដោយសារការបង្កើនការលក់រថយន្តនៅត្រីមាសទី២ ធៀបនឹងត្រីមាសទី១ ដល់ចំនួន ៣៥៧,៤លានដុល្លារក៏ដោយ ក៏ការកើនឡើងនេះមិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវការចាំណាយខ្ពស់លើការពង្រីកការលក់ និងប្រតិបត្តិការបានទេ។
ក្រុមហ៊ុន VinFast បាននិងកំពុងពង្រីកខ្លួនយ៉ាងខ្លាំងទៅកាន់ទីផ្សារនានានៅតំបន់អាស៊ី ដើម្បីទាញយកប្រយោជន៍ពីការកើនឡើងតម្រូវការរថយន្តអគ្គិសនីនៅក្នុងទីផ្សារទាំងនេះ និងប៉ះប៉ូវការធ្លាក់ចុះបរិយាកាសការលក់នៅសហរដ្ឋអាមេរិក។
អនុបាតប្រាក់ចំណេញដុលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះមានកម្រិតអវិជ្ជមាន ៦២,៧ភាគរយនៅក្នុងត្រីមាសទីពីរ ជាចម្បងដោយសារតែការប៉ាន់ប្រមាណពីការខាងបង់ហិរញ្ញវត្ថុសម្រាប់តម្លៃអនាគតដែលមានចំនួន ១០៤លានដុល្លារ ធៀបនឹងការប៉ាន់ប្រមាណសម្រាប់ត្រីមាសទី១ ដែលមាន ៥លានដុល្លារ។
ទោះជាយ៉ាងណា ដោយមិនរាប់បញ្ចូលកត្តាទាំងនេះ ក្រុមហ៊ុនបានកត់សម្គាល់ពីភាពប្រសើរឡើងនៃប្រាក់ចំណេញសរុប។ ការលក់នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៤ មានចំនួន ២២ ៣៤៨គ្រឿង កើនឡើង ១០១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការលក់ពាក់កណ្តាលនៃការលក់សរុបកើតមាននៅសាខារបស់ក្រុមហ៊ុនមេរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕