(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង និងរតនគិរី បានលើកឡើងថា តំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា មានសក្តានុពលជាច្រើនដែលអាចទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដូចជាមានដីធំទូលាយសម្រាប់ដាំដំណាំកសិកម្ម និងកសិឧស្សាហកម្ម, សំបូរទៅដោយធនធានរ៉ែ, មានហេដ្ឋារចនាសម្ព័ន្ធល្អទាំងផ្លូវគោក និងផ្លូវទឹកសម្រាប់ដឹកជញ្ជូនផលិតផល ព្រមទាំងស្ថិតនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិដែលងាយក្នុងការនាំចេញទំនិញទៅក្រៅប្រទេស។ ប៉ុន្តែយ៉ាងនេះក្តី តំបន់នេះហាក់ទទួលបានការចាប់អារម្មណ៍តិចតួចប៉ុណ្ណោះពីវិនិយោគិន ដែលទាមទារឱ្យបង្កើនការផ្សព្វផ្សាយបន្ថែមទាំងភាគីរដ្ឋ និងឯកជន។
លោកបានមានប្រសាសន៍បន្ថែមថា ខេត្តទាំង៤ ដែលស្ថិតនៅចន្លោះប្រទេសឡាវ និងវៀតណាម ដែលងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តីលោកលើកឡើងថា ដើម្បីអាចទាក់ទាញគេមកវិនិយោគបានលុះត្រាតែយើងពង្រឹងខ្លួនឯងផងដែរ។
ជាមួយគ្នានេះ លោកបានលើកឡើងពីគន្លឹះសំខាន់មួយចំនួនដែលគួរនាំគ្នាផ្សព្វផ្សាយ ដើម្បីទាក់ទាញវិនិយោគិន រួមមាន៖
ទី១. បង្កើនការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តទាំង៤នេះឱ្យបានទូលំទូលាយ
ទី២. ផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និងភាពអនុគ្រោះទៅដល់វិនិយោគិនឱ្យបានច្រើន
ទី៣. ផ្សព្វផ្សាយពីថ្លៃកម្លាំងពលកម្ម ដែលបច្ចុប្បន្ននេះស្ថិតក្នុងកម្រិត ដើម្បីឱ្យវិនិយោគិនបរទេស កាន់តែចាប់អារម្មណ៍ចូលមកវិនិយោគ។
លោកជឿជាក់ថា នាពេលខាងមុខ ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ភូមិភាគឦសាន្តននេះនឹងកើនឡើង ខណៈជីវភាពប្រជាជន ប្រសើរឡើងជាលំដាប់៕