(បាងកក)៖ លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ (BoT) កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុក្នុងគ្រាដែលមានការខ្វែងគំនិតគ្នាជាយូរជាមួយរដ្ឋាភិបាលថៃលើបញ្ហាថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកទេសាភិបាល Sethaput ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា បើទោះជាអត្រាការប្រាក់ទាបអាចជួយជំរុញកំណើនសេដ្ឋកិច្ចរយៈពេលខ្លីក៏ពិតមាន តែការទម្លាក់អត្រាការប្រាក់ដើម្បីទទួលបានកំណើនសេដ្ឋកិច្ចរយៈពេលខ្លីនេះគឺជាការដោះដូរជាមួយអតិផរណាដែលនឹងកើនឡើង ហើយអត្រាការប្រាក់ទាបនេះក៏អាចនាំទៅរកភាពងាយរងគ្រោះនានាដូចជាការកើនឡើងបំណុល និងសកម្មភាពបែបកេងចំណេញ។
លោកបាននិយាយថា ហានិភ័យទាំងនោះនឹងរារាំងកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ហើយអាចនាំឱ្យមានវិបត្តិ។ លោកបានបន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាលមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។
ការថ្លែងរបស់លោក Sethaput បានកើតមានឡើងក្នុងគ្រាដែលមានការប្រឈមមុខដាក់គ្នារវាងធនាគារកណ្តាលនិងរដ្ឋាភិបាលថៃដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញវិធានការសារពើពន្ធរបស់ខ្លួន ហើយធនាគារកណ្តាលបាននិយាយថា អត្រាការប្រាក់មានកម្រិតសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធទេដែលកំពុងធ្វើឱ្យរាំងស្តាត់កំណើនសេដ្ឋកិច្ច។
អត្រាការប្រាក់គោលរបស់ប្រទេសថៃមានកម្រិតខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍គឺ ២,៥០% ក្នុងរយៈពេលមួយឆ្នាំមកនេះ ខណៈពេលដែលធនាគារកណ្តាលបានទប់ទល់នឹងការអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយ។ ការវាយតម្លៃអត្រាការប្រាក់នៅដំណាក់កាលបន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា។
នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត បាននិយាយកាលពីដើមឆ្នាំនេះមុនពេលអ្នកស្រីក្លាយជានាយករដ្ឋមន្ត្រីថា ឯករាជ្យភាពរបស់ធនាគារកណ្តាលគឺជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕