(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីកំពុងបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងក្នុងការនាំចូលថាមពលស្ថិតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ក្នុងគោលបំណងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយ អាជ្ញាធរទីផ្សារថាមពលរបស់ប្រទេសសិង្ហបុរីនិងក្រុមហ៊ុន Keppel Ltd. ថា ដំណាក់កាលទី២ នៃគម្រោងសមាហរណកម្មថាមពល ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែន ឬហៅថាកិច្ចព្រមព្រៀង LTMS-PIP នឹងមើលឃើញលំហូរអគ្គិសនីកើនឡើងរហូតដល់ ២០០មេហ្គាវ៉ាត់។
វិធានការនេះបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកចក្ខុវិស័យយូរអង្វែងនៃបណ្តាញថាមពលក្នុងតំបន់ដែលអនុញ្ញាតឱ្យសមាជិកទាំង១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាអាស៊ានធ្វើពាណិជ្ជកម្មអគ្គិសនី។ ការរៀបចំបណ្តាញថាមពលលើតំបន់នេះមានន័យថា កង្វះខាតថាមពលនៅកន្លែងមួយអាចត្រូវបានបំពេញបន្ថែមដោយទីន្លែងដែលសម្បូរថាមពល។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ការបង្កើនសមត្ថភាពថាមពលរបស់សង្ហបុរីនេះនឹងនាំមកនូវថាមពលបន្ថែមពីប្រទេសម៉ាឡេស៊ីទៅសិង្ហបុរី។ អាជ្ញាធរថាមពលសិង្ហបុរីក៏បានផ្តល់ការបន្តអាជ្ញាប័ណ្ណនាំចូលអគ្គិសនីរបស់ក្រុមហ៊ុន Keppel សម្រាប់រយៈពេលពីរឆ្នាំទៀតផងដែរ។
កិច្ចព្រមព្រៀង LTMS-PIP បានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២២ ដើម្បីនាំយកថាមពលពីវារីអគ្គីសនីរហូតដល់ ១០០មេហ្គាវ៉ាត់ពីប្រទេសឡាវទៅកាន់ប្រទេសសិង្ហបុរីតាមរយៈប្រទេសថៃ និងម៉ាឡេស៊ី។ ការណ៍នេះគឺជាលើកដំបូងហើយដែលអគ្គិសនីបានធ្វើដំណើរឆ្លងកាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕