(វ៉ាស៊ីនតោន)៖ ការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទទួលយកមតិសាធារណៈដែលចាប់ផ្តើមពីថ្ងៃចន្ទតទៅលើផែនការដំឡើងពន្ធខ្ពស់លើផលិតផលប៉ូលីស៊ីលីកុន (polysilicon) វ៉ាហ្វឺរស៊ីលីកុន (silicon wafers) និងផលិតផលតង់ស្តែន (tungsten)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការដំឡើងពន្ធនេះត្រូវបានបន្ថែមទៅលើពន្ធដែលសេចក្តីសម្រេចចុងក្រោយរបស់រដ្ឋាភិបាលរបស់លោកប្រធានាធីបតី ចូ បៃឌិន យោងតាម «មាត្រា៣០១» ទៅលើរថយន្តអគ្គិសនី អាគុយ ដែក គ្រឿងអេឡិចត្រូនិក និងផ្ទាំងថាមពលពន្លឺព្រះអាទិត្យរបស់ចិនដែលបានប្រកាសកាលពីសប្តាហ៍មុន។
បន្ទាប់ពីពិនិត្យមើលមតិសាធារណៈលើការដំឡើងពន្ធទាំងនោះរួចហើយ ការិយាល័យ USTR បាននិយាយថា ខ្លួននឹងបន្ថែមប្រភេទផលិតផលចំនួន ៥ប្រភេទបន្ថែមទៀត។ ផលិតផលទាំងនេះរួមមាន ពន្ធ ៥០ភាគរយលើប៉ូលីស៊ីលីកុនដែលប្រើក្នុងផ្ទាំងថាមពលព្រះអាទិត្យ និងវ៉ាហ្វឺរស៊ីលីកុនដែលប្រើក្នុងឧបករណ៍អេឡិចត្រូនិក និងពន្ធ ២៥ភាគរយលើតង់ស្តែនដែលកែច្នៃចំនួនបីប្រភេទ។
នៅក្នុងសេចក្តីជូនដំណឹងមួយ ការិយាល័យ USTR បានឱ្យដឹងថា ឯកសារសម្រាប់ការបញ្ចេញមតិសាធារណៈនេះនឹងបើកទទួលនៅថ្ងៃចន្ទទី២៣ ខែកញ្ញា និងបិទនៅថ្ងៃទី២២ ខែតុលា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕