(ប៉េកាំង)៖ កាលពីថ្ងៃចន្ទ ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកកុំឱ្យចាត់ «វិធានការរើសអើង» ប្រឆាំងនឹងក្រុមហ៊ុនរបស់ចិនបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រោងនឹងហាមឃាត់ការលក់យានយន្តប្រើបច្ចេកវិទ្យារបស់ចិននិងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពផ្សេងៗថា សហរដ្ឋអាមេរិកកំពុងពិចារណាវិធានថ្មីៗដែលនឹងហាមឃាត់សុសវែរ និងហាដវែរដែលផលិតនៅក្នុងប្រទេសចិនមិនឱ្យបំពាក់លើយានយន្តរបស់ខ្លួន។
នៅពេលសួរអំពីសេចក្តីរាយការណ៍ទាំងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយថា ប្រទេសចិនបានជំរុញឱ្យ «សហរដ្ឋអាមេរិកគោរពគោលការណ៍ទីផ្សារ និងផ្តល់នូវបរិយាកាសអាជីវកម្មបើកចំហ យុត្តិធម៌ តម្លាភាព និងមិនរើសអើងសម្រាប់សហគ្រាសចិន»។
លោក Lin បានមានប្រសាសន៍ថា៖ «ប្រទេសចិនប្រឆាំងនឹងការពង្រីកគំនិតសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងសកម្មភាពរើសអើងប្រឆាំងនឹងក្រុមហ៊ុន និងផលិតផលរបស់ចិន»។ លោកបានបន្ថែមថា៖ «ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។
វិធានថ្មីនេះ ប្រសិនបើត្រូវបានបញ្ជាក់ នោះនឹងបង្ហាញពីការកើនឡើងចុងក្រោយនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ កាលពីខែឧសភា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការដំឡើងពន្ធដ៏ច្រើនលើទំនិញនាំចូលពីប្រទេសចិន ដូចជារថយន្តអគ្គិសនី និងគ្រឿងអេឡិចត្រូនិកជាដើម។
សេតវិមានបានឱ្យដឹងថា ការដំឡើងពន្ធគយបានប៉ះពាល់ដល់ការនាំចូលរបស់ចិនដែលមានតម្លៃ ១៨ពាន់លានដុល្លារ ដោយផ្តោតលើវិស័យយុទ្ធសាស្រ្តនានាដូចជា រថយន្តអគ្គិសនី អាគុយ សារធាតុរ៉ែសំខាន់ៗ និងផលិតផលវេជ្ជសាស្រ្ត។ អត្រាពន្ធគយលើរថយន្តអគ្គិសនីបានកើនឡើងបួនដងដល់ ១០០ភាគរយនៅឆ្នាំនេះ ខណៈដែលពន្ធគយលើគ្រឿងអេឡិចត្រូនិកនឹងកើនឡើងពី ២៥ភាគរយទៅ ៥០ភាគរយនៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕