(បាងកក)៖ ការផលិតរថយន្ត នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ២០.៥៦ភាគរយ ក្នុងខែសីហា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ភាគច្រើនដោយសារតែការលក់ក្នុងស្រុកបានធ្លាក់ចុះ ចំពេលដែលលក្ខខណ្ឌឥណទានត្រូវបានរឹតបន្តឹង។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធឧស្សាហកម្មថៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
កាលពីខែកក្កដា ការផលិតរថយន្តរបស់ថៃ បានធ្លាក់ចុះ១៦.៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
វាគឺជាខែទី១៣ជាប់គ្នាហើយ ដែលការផលិតរថយន្ត បានធ្លាក់ចុះ។
គិតចាប់ពីខែមករា ដល់ខែសីហា, ការផលិតរថយន្ត បានធ្លាក់ចុះ១៧.៦៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានចំនួនត្រឹមតែជាង១លានគ្រឿងប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធ។
ដោយឡែក ការលក់រថយន្តក្នុងស្រុក បានធ្លាក់ចុះ២៤.៩៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តធំជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក ក្នុងនោះរួមទាំងក្រុមហ៊ុន Toyota និង Honda ផងដែរ។ ដោយរថយន្តប្រភេទដឹកទំនិញ (Pickup) ស្ថិតក្នុងចំណោមរថយន្តសំខាន់ ដែលបានផលិត។ បច្ចុប្បន្ននេះ ថៃ ក៏បានទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផងដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៣ ថៃ បានផលិតរថយន្តចំនួន១.៨៤លានគ្រឿង៕