(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងលេខ ៣២៧៧៥ អពដ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធដែលជាអភិបាល បណ្ណាធិការ និងកម្មសិទ្ធិករនៃសហគ្រាសមានជម្រើសចំនួន២ ក្នុងការដាក់ពាក្យស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ។ នេះបើតាមព្រឹត្តិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។
ដើម្បីដាក់ពាក្យ ស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ អ្នកជាប់ពន្ធអាចធ្វើតាមជម្រើសណាមួយក៏បាន ក្នុងចំណោមជម្រើសចំនួន ២ ដូចខាងក្រោម៖
* ជម្រើសទី១៖ ស្នើសុំតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលមានអាសយដ្ឋាន www.registrationservices.gov.kh ដោយអ្នកជាប់ពន្ធអាច ឈ្វេងយល់បន្ថែមតាមសៀវភៅមគ្គុទ្ទេសក៍ «របៀបស្នើសុំចុះបញ្ជី កែប្រែព័ត៌មានក្រុមហ៊ុន ឬសហគ្រាស»។
* ជម្រើសទី២៖ ស្នើសុំនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដោយត្រូវបំពេញពាក្យស្នើសុំ (ទម្រង់_១០៣) ដែលមានចុះហត្ថលេខាអភិបាល ឬបណ្ណាធិការ ឬកម្មសិទ្ធិករ ឬអ្នកតំណាងដែលមានលិខិតផ្ទេរសិទ្ធិស្របច្បាប់ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារតម្រូវ ដែលបានកំណត់។
សូមបញ្ជាក់ផងដែរថា ដើម្បីស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ អ្នកជាប់ពន្ធត្រូវរៀបចំបិទបញ្ជីគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រឹមកាលបរិច្ឆេទបញ្ឈប់អាជីវកម្មឱ្យបានរួចរាល់ជាមុនសិន និងមិនអនុញ្ញាតឱ្យចេញវិក្កយបត្រអាករ ឬវិក្កយបត្រធម្មតាលើគ្រប់ប្រតិបត្តិការអាជីវកម្ម រួមទាំងការនាំចេញ-នាំចូលផងដែរ។
ទន្ទឹមនឹងនេះ បន្ទាប់ពីរដ្ឋបាលសារពើពន្ធ បានទទួលពាក្យស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ អ្នកជាប់ពន្ធមិនមានកាតព្វកិច្ចដាក់លិខិតប្រកាស សារពើពន្ធប្រចាំខែ និងប្រចាំឆ្នាំទៀតនោះទេ៕