(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៣៣១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានចំនួន៣២៨ ៣១៨ ១៤១ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ៦៨៣ ៨៩៧ដុល្លារ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៦៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន១៨០ដុល្លារ ក្នុង១តោន ស្មើនឹង១២.៩៥% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃ២០២ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២។
បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការរួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ៕