(កូឡុំបូ)៖ ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កាលោក Anura Kumara Dissanayake បាននិយាយថា លោកគ្រោងនឹងចាប់ផ្តើមការពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាផ្នែកមួយនៃការផ្តោតការយកចិត្តទុកដាក់របស់គាត់លើការបង្កើតស្ថិរភាពនៅក្នុងប្រទេសកោះនេះ មុនពេលចាប់ផ្តើមគំនិតផ្តួចផ្តើមផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ស្ដីរបស់លោក Dissanayake ខណៈថ្លែងនៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់ប្រជាជាតិរបស់លោកកាលពីថ្ងៃពុធដែលជាសុន្ទរកថាលើកដំបូងរបស់គាត់គិតចាប់តាំងពីឡើងកាន់តំណែងថា៖ «មានផែនការជាច្រើនដែលយើងចង់ដាក់ចេញ។ ប៉ុន្តែមុនពេលដាក់ចេញផែនការទាំងនោះ យើងត្រូវសម្រេចបាននូវស្ថិរភាពជាមុនសិន»។ លោកបានបន្ថែមថា៖ «ដូច្នេះហើយ យើងនឹងចាប់ផ្តើមពិភាក្សាជាមួយមូលនិធិ IMF និងជំរុញទៅមុខនូវកិច្ចការនានាទាក់ទងនឹងមូលនិធិ Extended Fund Facility (របស់មូលនិធិ IMF)»។
លោកប្រធានាធីបតី Dissanayake វ័យ ៥៥ឆ្នាំដែលជាអ្នកនយោបាយឆ្វេងនិយមនិងដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២១ ខែកញ្ញា បានប្តេជ្ញាថានឹងបើកការចរចាឡើងវិញជាមួយមូលនិធិ IMF អំពីថវិកាសង្គ្រោះចំនួនដែលមានទឹកប្រាក់ ៣ពាន់លានដុល្លាររបស់ខ្លួន។ អ្នកគាំទ្រមួយចំនួនរបស់លោក Dissanayake ប្រឆាំងនឹងក្របខណ្ឌរៀបចំឡើវិញនូវបំណុលដែលមានស្រាប់។
លោកបានមានប្រសាសន៍កាលពីថ្ងៃពុធដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា៖ «យើងនឹងចាប់ផ្តើមការពិភាក្សាជាមួយម្ចាស់បំណុលនានា និងបញ្ចប់ការរៀបចំបំណុលឡើងវិញ និងទទួលយកសម្បទានទាំងនេះ»៕