(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira កាលពីថ្ងៃពុធបានជំរុញឱ្យធនាគារកណ្តាលទម្លាក់អត្រាការប្រាក់គោលរបស់ខ្លួនដែលការលើកឡើងនេះបានធ្វើឡើងមុនពេលមានកិច្ចប្រជុំជាមួយធនាគារកណ្តាលនៅសប្តាហ៍ក្រោយដែលក្នុងកិច្ចប្រជុំនេះនឹងមានការពិភាក្សារអំពីគោលដៅអតិផរណា និងការឡើងថ្លៃប្រាក់បាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កិច្ចប្រជុំនេះដែលត្រូវបានរាយការណ៍ដំបូងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ នឹងធ្វើឡើងបន្ទាប់ពីមានសម្ពាធពី សំណាក់រដ្ឋាភិបាលអស់រយៈពេលជាច្រើនខែទៅលើធនាគារកណ្តាលថៃឱ្យទម្លាក់អត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងជួបការលំបាកចាប់តាំងពីមានជំងឺរាតត្បាតមក។
លោក Pichai បានមានប្រសាសន៍ថា៖ «ការពិភាក្សាអំពីកម្រិតគោលដៅអតិផរណានឹងជួយបន្ស៊ីគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធ»។ លោកបានបន្ថែមថា អត្រាអតិផរណាខ្ពស់ប្រឆាំងគ្នាទៅនឹងកម្មវិធីជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
កម្រិតគោលដៅអតិផរណាពី ១ភាគរយទៅ ៣ភាគរយបានរក្សាជាធរមានគិតតាំងពីឆ្នាំ២០២០មក។ អតិផរណាស្ថិតនៅក្រោមកម្រិតគោលដៅនេះនៅឆ្នាំនេះ ហើយលោក Pichai បាននិយាយថា ការពិនិត្យមើលគោលដៅអអតិផរណាឡើងវិញអាចបង្កើនឱកាសនៃការកាត់បន្ថយអត្រាការប្រាក់។
កាលពីខែសីហា ធនាគារកណ្តាលថៃបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែលក្នុងអត្រា ២,៥ភាគរយសម្រាប់កិច្ចប្រជុំ ៥លើកជាប់គ្នា។ ធនាគារកណ្តាលបាននិយាយថា អត្រាការប្រាក់គោលនយោបាយស្ថិតនៅកម្រិតអព្យាក្រឹត ហើយមិនខ្ពស់ទេបើធៀបនឹងស្តង់ដារពិភពលោក។ ការវាយតម្លៃអត្រាការប្រាក់បន្ទាប់នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា។
លោក Pichai បាននិយាយថា ការឡើងថ្លៃប្រាក់បាតដែលបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៣០ខែធៀបនឹងប្រាក់ដុល្លារកំពុងប៉ះពាល់ដល់ក្រុមហ៊ុននាំចេញ ហើយក៏នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕