(ភ្នំពេញ)៖ លោក រ៉ូនី ឧត្ដម អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ ហិរញ្ញវត្ថុឌីជីថល មិនមានភាពស្មុគស្មាញនោះទេ តែផ្ទុយទៅវិញ វាមានអត្ថ ប្រយោជន៍ជាច្រើន បើសិនជាប្រើប្រាស់ត្រឹមត្រូវ និងមានសុខសុវត្ថិភាព។

ការលើកឡើងរបស់លោក រ៉ូនី ឧត្តម ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពលនៃ ប្រតិ បត្តិ ការ ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា»

លោកបានលើកឡើងថា «ការប្រើប្រាស់ ហិរញ្ញវត្ថុឌីជីថល មិនមានភាពស្មុគស្មាញនោះទេ ព្រោះប្រព័ន្ធបច្ចេកវិទ្យាបង្កើតមក ដើម្បីប្រើប្រាស់ក្នុងការសម្រួលការងារ ការប្រតិបត្តិការ និងសេវាកម្មផ្សេង ក្នុងករណីប្រើប្រាស់មានការស្មុគស្មាញ ដោយសារអ្នកប្រើប្រាស់មិនបានយល់ច្បាស់អំពី ដូច្នេះបើអ្នកប្រើប្រាស់បានយល់ច្បាស់នោះការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ កាន់តែល្អប្រសើរខ្លាំងឡើង»

លោកបានបញ្ជាក់ថា ជាក់ស្ដែងការអំឡុងពេល៥-៦ឆ្នាំមុននេះ នៅពេលដែលចង់ដកប្រាក់ពីធនាគារត្រូវ ធ្វើដំណើរទៅដល់ធនាគារដោយផ្ទាល់ដើម្បីដកប្រាក់ ដែលនាំឲ្យខាតពេលវេលា និងមិនមានសុវត្ថិភាពនោះឡោះយ។

លោកបានបន្ថែមថា ប៉ុន្ដែបើធៀបនឹងពេលបច្ចុប្បន្ននេះ បច្ចេកទេសទំនើបបើចង់ផ្ទេរប្រាក់ មិនចាំបាច់ធ្វើដំណើរ ទៅដល់ធនាគារឡើយ គ្រាន់តែបាញ់ពីទូរស័ព្ទដៃមួយចូលទូរស័ព្ទដៃមួយជាការស្រេច ឬបាញ់ពីទូរស័ព្ទមួយទៅកាន់ទូរដាក់ប្រាក់ (ATM) ដែលនៅជិតអតិថិជនជាការស្រេច ដែលទាំងនេះមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាពទៀតផង៕