(ប៉េកាំង)៖ រដ្ឋាភិបាលរបស់ប្រទេសចិន បានប្រកាសឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរស់នៅក្នុងភាពក្រីក្រខ្លាំង ដែលការប្រកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីបានបង្ហាញវិធានការជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងជួបការលំបាក របស់ប្រទេសនេះ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រសួងកិច្ចការស៊ីវិល របស់ប្រទេសចិន កាលពីថ្ងៃពុធថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវផ្តល់ជូនក្រុមពលរដ្ឋ ដែលជួបការលំបាករួមទាំងកុមារកំព្រានិងជនក្រីក្រ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា រដ្ឋាភិបាលថ្នាក់មូលដ្ឋានរបស់ចិនគួរតែធានាថា មូលនិធិនេះបានទៅដល់អ្នកជួបការលំបាកមុនថ្ងៃទី១ ខែតុលា ដើម្បីបង្ហាញពី «ការស្រឡាញ់និងការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលចំពោះប្រជាជនអត់ឃ្លាន»។ សេចក្តីប្រកាសព័ត៌មាននេះ មិនបានបញ្ជាក់ថាតើប្រជាជនម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន ឬថាតើវិធានការនេះនឹងធ្វើឱ្យរដ្ឋាភិបាលចិនចំណាយថវិកាប៉ុន្មាននោះទេ។

នៅសប្តាហ៍នេះ ប្រទេសចិនបានបង្ហាញកញ្ចប់វិធានការជំរុញសេដ្ឋកិច្ចដ៏ធំមួយដែលនឹងចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលរយៈពេលវែងប្រហែល ១ពាន់ពាន់លានយន់ (១៤២ពាន់លានដុល្លារ) ទៅក្នុងទីផ្សារហិរញ្ញវត្ថុដែលកំពុងជួបការលំបាករបស់ប្រទេសចិន។ កាលពីថ្ងៃអង្គារ ប្រធានធនាគារកណ្តាលរបស់ប្រទេសចិន លោក Pan Gongsheng បានគូសបញ្ជាក់ពីផែនការគាំទ្របន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យ ដែលរួមមានការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ៕