(ភ្នំពេញ)៖ លោក រ៉ូនី ឧត្ដម អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ការប្រើប្រាស់ហិរញ្ញវត្ថុឌីជីថល ពិតជាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកជំនួញ អ្នកធ្វើអាជីវកម្ម អាចទូទាត់បានស្រួល ដោយមិនបាច់ចំណាយពេលដក ឬដាក់លុយទៅធនាគារនោះទេ។
លោក ឧត្តម បានលើកជាឧទាហរណ៍ថា ជាក់ស្ដែងការអំឡុងពេល៥-៦ឆ្នាំមុននេះ នៅពេលដែលចង់ដកប្រាក់ពីធនាគារត្រូវ ធ្វើដំណើរទៅដល់ធនាគារដោយផ្ទាល់ដើម្បីដកប្រាក់ ដែលនាំឲ្យខាតពេលវេលា និងមិនមានសុវត្ថិភាពនោះឡើយ។ ប៉ុន្ដែបើធៀបនឹងពេលបច្ចុប្បន្ននេះ បច្ចេកទេសទំនើបបើចង់ផ្ទេរប្រាក់ មិនចាំបាច់ធ្វើដំណើរ ទៅដល់ធនាគារឡើយ គ្រាន់តែបាញ់ពីទូរស័ព្ទដៃមួយចូលទូរស័ព្ទដៃមួយជាការស្រេច ឬបាញ់ពីទូរស័ព្ទមួយទៅកាន់ទូរដាក់ប្រាក់ (ATM) ដែលនៅជិតអតិថិជនជាការស្រេច ដែលទាំងនេះមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាពទៀតផង។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះការឆបោកប្រាក់តាមអនឡាញនៅកម្ពុជា បានកើនឡើងគួរឱ្យសម្គាល់តែធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន រងការខាតបង់ និងជាក្តីព្រួយបារម្ភមួយរបស់បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលត្រូវជំរុញដាក់ផែនការផ្សព្វផ្សាយបន្ថែម។
លោក រ៉ូនី ឧត្ដម បានលើកឡើងថា ការឆបោកប្រាក់តាមអនឡាញនាពេលសព្វថ្ងៃនេះ គឺកើតឡើងដោយសារ ប្រជាពលរដ្ឋខ្វះការយល់ដឹងពីរបៀបនៃការប្រើប្រាស់បានត្រឹមត្រូវ ឬខ្វះការទទួលបានព័ត៌មានផ្សេងៗទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលទាមទារឲ្យចូលរួមអប់រំផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ។
លោកបានលើកឡើងថា ការកើនឡើននៃឆបោកប្រាក់តាមអនឡាញ ក៏ជាក្តីកង្វល់របស់បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ និងធនាគារជាតិផងដែរ ព្រោះប្រសិនបើអតិថិជនរបស់ពួកគាត់រងការឆបោកប្រាក់តាមអនឡាញច្រើន នោះក៏ធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។ កន្លងមករាល់ការស្នើសុំអន្តរាគមន៍ ករណីខ្លះធនាគារជាតិ អាចដោះស្រាយ ប៉ុន្តែករណីខ្លះ ក៏មិនអាចដោះស្រាយបានដែរ។
លោកបន្ថែមថា ការឆបោកតាមប្រព័ន្ធអនឡាញនេះ មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ ប្រទេសផ្សេងទៀត ក៏តែងតែជួបករណីនេះដូចគ្នា។ ប្រសិនបើប្រជាពលរដ្ឋខ្វះការយល់ដឹង បញ្ហានេះនឹងនៅតែបបន្តកើតមាន ហេតុដូច្នេះហើយ ទាំងធនាគារជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុះ រួមគ្នាជំរុញការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ការប្រើប្រាស់កម្មវិធី ឬ App ធនាគារ នៅលើទូរស័ព្ទ ដើម្បីឱ្យប្រជាជនទទួលបានព័ត៌មាន និងឆាប់យល់ដឹងពីបញ្ហានេះ។
ជាមួយគ្នានេះ លោកណែនាំឱ្យប្រជាពលរដ្ឋដែលយល់ដឹងតិចតួចពីបច្ចេកវិទ្យា នៅពេលដែលចង់បើកគណនីធនាគារ ឬដំឡើងកម្មវិធីធនាគារ នៅលើទូរសព្ទដៃ គួរតែស្វែងរកអ្នកទុកចិត្ត គឺបណ្តាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនៅជិតខ្លួន ដើម្បីជៀងហានិភ័យនៃការឆបោកតាមអនឡាញ៕
សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក រ៉ូនី ឧត្ដម៖