(ភ្នំពេញ)៖ អគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា (អ.គ.រ) បានចេញសេចក្ដីណែនាំ ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រកបដោយប្រសិទ្ធភាព អ.គ.រ សូមធ្វើការណែនាំ និងរំលឹក ដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ រួមទាំងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់លើការងារផ្តល់សេវាសាធារណៈ ដូចខាងក្រោម៖
១៖ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវម៉ោងរដ្ឋបាលបំពេញការងារ។ ចំពោះមាត់ច្រកសំខាន់ៗ ដែលមានសកម្មភាព ទំនិញនាំចេញ នាំចូលត្រូវចាត់ចែងវេនប្រចាំការបំពេញភារកិច្ចទាំងថ្ងៃ ទាំងយប់ (២៤ម៉ោង)។
២៖ ក្នុងពេលបំពេញការងារ ត្រូវប្រកាន់យកនូវអាកប្បកិរិយាថ្លៃថ្នូរ រួសរាយរាក់ទាក់ ចៀសវាងឱ្យបាននូវពាក្យសម្តី និងសកម្មភាពអសីលធម៌នានា។
៣៖ រាល់ការប្រមូលកម្រៃសេវាសាធារណៈ ត្រូវធ្វើឡើងស្របតាមតម្លៃសេវាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសលេខ ១៦០៨ សហវ.ប្រក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយត្រូវចេញនូវបង្កាន់ដៃបង់ប្រាក់ ជូនធុរជន ឬម្ចាស់ទំនិញស្រប់តាមនីតិវិធីជាធរមាន។ ហាមដាច់ខាតការប្រើប្រាស់សិទ្ធិនិងតួនាទីរបស់ខ្លួន ក្នុងការប្រមូលកម្រៃក្រៅផ្លូវការដោយខុសច្បាប់។
៤៖ ត្រូវធ្វើការណែនាំនិងរំលឹកជាប្រចាំដល់មន្ត្រីគយនិងរដ្ឋាករ/ បុគ្គលិក ដែលបំពេញការងារក្រោមឱវាទ អំពីការងារផ្តល់សេវាសាធារណៈ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុង អគ និងក្រមសីលធម៌ និងកិរិយាមាយាទមន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា ជាពិសេសចំណុចណែនាំខាងលើនេះ។
៥៖ ត្រូវធ្វើការតាមដានជាប្រចាំនូវសកម្មភាពបំពេញការងារផ្តល់សេវាសាធារណៈ របស់មន្ត្រីគយនិងរដ្ឋាករ បុគ្គលិកជាប់កិច្ចសន្យាទាំងអស់។ ក្នុងករណីពិនិត្យឃើញថា មន្ត្រីគយនិងរដ្ឋាករ/ បុគ្គលិកជាប់កិច្ចសន្យាណាម្នាក់បានប្រព្រឹត្តនូវអាកប្បកិរិយាមិនសមរម្យក្នុងពេលផ្តល់សេវា ត្រូវធ្វើការណែនាំឱ្យកែលម្អជាបន្ទាន់។ ក្នុងករណី មិនមានការកែលម្អ ត្រូវធ្វើរបាយការណ៍មក អគរ ដើម្បីមានវិធានការខាងវិន័យ៕