(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ចំពោះព្រឹត្តិការណ៍ GUMBALL3000 ដែលបានរៀបចំនៅកម្ពុជានាពេលថ្មីៗនេះ បានផ្ដល់ផលចំណេញជាច្រើនដល់ប្រទេសកម្ពុជា តាមរយៈការផ្សព្វផ្សាយពីកម្ពុជាពីបុគ្គលល្បីៗ ទាំងពីមុនចាប់ផ្ដើមព្រឹត្តិការណ៍, ចាប់ផ្ដើមព្រឹត្តិការណ៍ និងបញ្ចប់ព្រឹត្តិការណ៍។
ការលើកឡើងរបស់ឧកញ៉ា ស្រ៊ៀត មុំសុភា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា»។
ឧកញ៉ា ស្រ៊ៀត មុំសុភា បានថ្លែងថា ប្រទេសកម្ពុជាជាទិសដៅមួយ ដែលផ្ដោតសំខាន់ និងលើសពីការមករបស់ភ្ញៀវទេសចរ ដូច្នេះអ្វីដែលយើងមាន និងអ្វីដែលយើងគួរតែបង្កើតឲ្យមាន និងត្រូវផ្សព្វផ្សាយទៅលើពិភពលោកថា ប្រទេសកម្ពុជាជាជម្រើសល្អមួយ ដែលមិនត្រឹមតែមកទស្សនាប៉ុណ្ណោះទេ ប៉ុន្ដែជាកន្លែងដែលមក ដើម្បីបង្កើតចំណូលអាជីវកម្ម កិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន។
ឧកញ៉ា ស្រ៊ៀត មុំសុភា បានបញ្ជាក់ថា «ជាក់ស្ដែងសម្រាប់ព្រឹត្តិការណ៍ GUMBALL3000 ដែលបានរៀបចំ និងបញ្ចប់នាពេលថ្មីៗមកនេះ បានផ្ដល់ផលចំណេញជាច្រើនដល់កម្ពុជា ក្នុងនោះមានមហាសេដ្ឋីជាច្រើនរូប បុគ្គល្បីៗជាច្រើន បានចូលរួមផ្សព្វផ្សាយពីប្រទេសកម្ពុជា តាំងតែពីព្រឹត្តិការណ៍នេះ ពុំទាន់មកដល់ប្រទេសកម្ពុជាមកម្ល៉េះ ពេលមកដល់ និងពេលបញ្ចប់ព្រឹត្តិការណ៍ គឺបានចូលរួមចំណែកជាច្រើន ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា»។
បើតាមឧកញ៉ា ស្រ៊ៀត មុំសុភា ចំពោះការរៀបកម្មវិធី GUMBALL3000 នេះ គឺមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែជារឿងមួយដែលកម្ពុជា បានផ្សព្វផ្សាយកន្លង មកទាំងសុខសន្ដិភាព និងកត្តាផ្សេងៗដែលកម្ពុជាអាចធ្វើ និងផ្ដល់ជូនបាន។
ឧកញ៉ា ស្រ៊ៀត មុំសុភា បន្តថា ការផ្សព្វផ្សាយនេះ គឺមានឥទ្ធិពលធំធេងណាស់ ដោយបានធ្វើឲ្យប្រទេសកម្ពុជា មានការស្គាល់ច្រើនលើពិភពលោក ក្រៅពីកម្មវិធី GUMBALL3000 កម្ពុជាក៏មានរៀបចំកម្មវិធីផ្សេងៗ ជាច្រើនទៀតផងដែរ។ ដូច្នេះដើម្បីធ្វើឲ្យទេសចរចង់មកកម្ពុជា ម្ដងហើយម្ដងទៀត យើងគួរតែមានការរៀបចំនូវកម្មវិធី ឬកញ្ចប់ពិសេសៗជាច្រើន ដែលផ្ដល់ផលចំណេញដល់ភ្ញៀវទេសចរ៕
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា៖