(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍ គួរគប្បីមើលទៅកាន់ភ្ញៀវទាំងអស់ ទាំងភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរក្រៅស្រុក គួរកុំផ្ដោតតែលើភ្ញៀវបរទេសតែមួយមុខ ហើយចោលភ្ញៀវក្នុងស្រុក ព្រោះថាភ្ញៀវទេសចរក្នុងស្រុកក៏ចាយប្រាក់ ដូចភ្ញៀវទេសចរបរទេសដែរ។
ការលើកឡើងរបស់ឧកញ៉ា ស្រ៊ៀត មុំសុភា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា»។
ឧកញ៉ា ស្រ៊ៀត មុំសុភា បានថ្លែងថា «ប្រទេសកម្ពុជាមិនតូចពេកក៏មិនធំពេក ចំពោះតំបន់ទេសចរណ៍តាមកន្លែងនីមួយៗ គឺបង្កប់នូវប្រវត្តិសាស្រ្ដ វប្បធម៌ និងប្រពៃណី ដូច្នេះនៅពេលយើងដឹង គឺត្រូវថែរក្សាឲ្យបាន។ ដូច្នេះយើងពុំគួរតែរំពឹងតែលើភ្ញៀវទេសចរមួយមុខឡើយ ឬរំពឹងតែលើភ្ញៀវទេសចរបរទេសតែមួយនោះទេ ព្រោះថា ភ្ញៀវទេសចរក្នុងស្រុកក៏ចាយលុយច្រើនដែរ»។
ឧកញ៉ាបានបន្ដថា ជាក់ស្ដែងនៅខេត្តសៀមរាប អ្នករកស៊ីលើវិស័យទេសចរណ៍ពីមុន រំពឹងសុទ្ធសាធលើភ្ញៀវទេសចរបរទេស ដូច្នេះប្រសិនបើមិនមានភ្ញៀវទេសចរបរទេសនោះទេ អ្នករកស៊ីក្នុងវិស័យទេសចរមិនដឹងថានឹងត្រូវរកស៊ីអ្វីឡើយ ឬដួលរលំក៏មាន ព្រោះថា ពួកគាត់បានផ្ដោតខ្លាំងលើភ្ញៀវទេសចរបរទេស រហូតភ្លេចរៀបចំបដិសណ្ឋារកិច្ច ក្នុងការទទួលភ្ញៀវទេសចរក្នុងស្រុក។
ឧកញ៉ា ស្រ៊ៀត មុំសុភា បានបញ្ជាក់ថា ប៉ុន្ដែពេលនេះខេត្តសៀមរាប បានផ្លាស់ប្ដូរ ដោយបានផ្សព្វផ្សាយជាខ្លាំង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកផ្សេងៗ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប៕