(ប៉េកាំង)៖ ការលក់រថយន្តអគ្គិសនីផលិតនៅក្នុងប្រទេសចិន របស់ក្រុមហ៊ុន Tesla បានកើនឡើង១៩.២ភាគរយ ក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តអ្នកធ្វើដំណើរចិន (CPCA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
ការប្រគល់រថយន្ត Model 3 និង Model Y ផលិតឡើងនៅចិន បានកើនឡើង១.៩ភាគរយ បើធៀបនឹងខែសីហា។
ជាមួយគ្នានោះ ក្រុមហ៊ុនប្រកួតប្រជែងរបស់ចិន BYD បានទទួលកំណត់ត្រាជាខែល្អបំផុតរបស់ខ្លួន ជាមួយនឹងការលក់កើនឡើង៤៥.៥៦ភាគរយ មានចំនួន៤១៧,៦០៣គ្រឿង ក្នុងខែកញ្ញា ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
រថយន្ត BYD ចំនួន៣៣,០១២គ្រឿង ឬក៏ស្មើនឹង៧.៩ភាគរយ នៃចំនួនលក់សរុប ត្រូវបានលក់នៅក្រៅប្រទេស។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន BYD។
ជាមួយនឹងការកើនឡើងក្នុងខែកញ្ញា, ក្រុមហ៊ុន Telsa ក៏បានទទួលនូវកំណើន១២ភាគរយ ក្នុងការលក់រថយន្តអគ្គិសនី ដែលផលិតឡើងក្នុងប្រទេសចិន ក្នុងអំឡុងខែកក្កដាដល់ខែកញ្ញាផងដែរ, ជាត្រីមាសដំបូងរបស់ខ្លួន ដែលមានការកើនឡើង ក្នុងឆ្នាំនេះ៕