(បាងកក)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបានដាក់សម្ពាធលើធនាគារកណ្តាលថៃឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ច និងធ្វើឱ្យប្រាក់បាតធ្លាក់ចុះថ្លៃ។ ការបង្កើនសម្ពាធនេះបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអតីតទេសាភិបាលដ៏មានឥទ្ធិពលមួយរូបបានព្រមានការជ្រៀតជ្រែកណាមួយទៅក្នុងធនាគារកណ្តាលថៃ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Paopoom Rojanasakul ខណៈថ្លែងនៅក្នុងបទសម្ភាសមួយនៅទីក្រុងបាងកកកាលពីថ្ងៃពុធថា៖ «មានលទ្ធភាពខ្លាំងដែលពួកគេនឹងកាត់បន្ថយនៅឆ្នាំនេះនៅក្នុងកិច្ចប្រជុំនេះ ឬកិច្ចប្រជុំបន្ទាប់»។ លោកបានបន្ថែមថា៖ «ការទម្លាក់អត្រាការប្រាក់ ២៥ពិន្ទុមូលដ្ឋាន (០,២៥ភាគរយ) នឹងក្លាយជាការចាប់ផ្តើមដ៏ល្អ ប៉ុន្តែថាតើវាគ្រប់គ្រាន់ហើយឬនៅនោះ យើងនឹងត្រូវតែបន្តតាមដាននិងកែតម្រូវ»។
លោក Paopoom បានថ្លែងថា កម្រិតសមរម្យសម្រាប់ប្រាក់បាតដែលឥឡូវនេះថ្លៃប្រហែល ៣៣,៣៩បាតក្នុងមួយដុល្លារ គួរតែមានកម្រិត ៣៤,៥បាត។ រូបិយប័ណ្ណនេះបានឡើងថ្លៃ ១៤% កាលពីត្រីមាសមុន ដែលធ្វើឱ្យ ការនាំចេញរបស់ប្រទេសថៃមានតម្លៃថ្លៃជាងបើធៀបនឹងដៃគូប្រកួតប្រជែង។
នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ ដែលចូលកាន់តំណែងតិចជាងរយៈពេលពីរខែ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់អ្នកកាន់តំណែងមុនរបស់អ្នកស្រីដើម្បីរឹតបន្តឹងការគ្រប់គ្រងលើធនាគារកណ្តាលថៃ ដែលមិនអើពើនឹងការអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់គោលពីកម្រិត ២,៥ភាគរយដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៣មក។
បើទោះជាអ្នកស្រី ភែថងថាន មិនបានជំរុញដោយផ្ទាល់ឱ្យកាត់បន្ថយអត្រាការប្រាក់ដោយខ្លួនឯងក្តី តែរដ្ឋមន្ត្រីនានារួមទាំងលោក Paopoom បានអំពាវនាវម្តងហើយម្តងទៀតឱ្យតម្លៃអត្រាការប្រាក់ ដោយលើកឡើងពីអតិផរណាទាបនិងសេដ្ឋកិច្ចដែលជាប់គាំង។
សម្រាប់ធនាគារកណ្តាលថៃវិញ កម្រិតខ្ពស់នៃបំណុលគ្រួសារត្រូវបានគេមើលឃើញថាជាហេតុផលមួយដែលបណ្តាលឱ្យធនាគារកណ្តាលមានការស្ទាក់ស្ទើរក្នុងការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារនេះកាលពីដើមឆ្នាំនេះបានប្រកាសពីវិធានការសម្រាប់អ្នកខ្ចីដែលជួបការលំបាកក្នុងការសងប្រាក់កម្ចីទិញផ្ទះ និងប័ណ្ណឥណទាន។ ធនាគារកណ្តាលក៏បានលើកឡើងផងដែរអំពីអត្រាការប្រាក់បច្ចុប្បន្នថាជាមានកម្រិត «អព្យាក្រឹត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕