(ភ្នំពេញ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបន្ដលើកទឹកចិត្តដល់ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រើប្រាស់ប្រាក់រៀល ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសេដ្ឋកិច្ចជាតិ។
ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល និងមានការចូលរួមពីលោក បួន សារៈមុនី រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម រៀបចំឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា។
លោក យឹម លាត បានថ្លែងឲ្យដឹងថា កន្លងមកធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានខិតខំអនុវត្តការងារទាំងពីរខាងលើ ហើយសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានចេញនូវវិធានការនានា ស្របតាមស្ថានភាពទីផ្សារ ការរៀបចំសិក្ខាសាលា និងយុទ្ធនាការផ្សព្វផ្សាយពីប្រាក់រៀលនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីបញ្ជ្រាបស្មារតីស្រឡាញ់ប្រាក់រៀល និងលើកកម្ពស់ការចូលរួមរបស់ សាធារណជនឱ្យងាកមកប្រើប្រាស់ រូបិយវត្ថុជាតិឱ្យកាន់តែច្រើនជាងមុន។
ជាមួយគ្នានេះបរិយាបន្ននិងចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ត្រូវបានលើកកម្ពស់ជាប្រចាំ ដើម្បីឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុ កាន់តែមានប្រសិទ្ធភាព ដែលនឹងរួមចំណែកលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។
លោកបានបន្ដថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការអនុវត្តវិធានការជំរុញការប្រើប្រាស់ប្រាក់រៀល របស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការប្រើប្រាស់ប្រាក់រៀលកន្លងមក ពិសេសការដាក់ឱ្យអនុវត្តប្រកាសតម្រូវ ឱ្យមានការដាក់ស្លាកតម្លៃនៅតាមហាងទំនិញនានាជាប្រាក់រៀល។ ចំពោះការដាក់ស្លាកតម្លៃជាប្រាក់រៀល ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា ពង្រឹងការយល់ដឹងរបស់សាធារណជនពីកម្រិតថ្លៃជាប្រាក់រៀល, បង្កើនទម្លាប់នៃការបើប្រាស់ប្រាក់រៀល, បណ្តុះស្មារតីស្រឡាញ់ប្រាក់រៀល, ជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ ព្រមទាំងបង្កើនតម្លាភាព សម្រាប់អ្នកប្រើប្រាស់ប្រាក់រៀល តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការប្តូរប្រាក់ជាដើម»។
លោក យឹម លាត បានបញ្ជាក់ថា ការផ្លាស់ប្ដូរផ្នត់គំនិតរបស់សាធារណជន ឱ្យងាកមកប្រើប្រាស់រូបិយវត្ថុជាតិ ពិតជាសំខាន់ណាស់ ដូច្នេះនៅពេលសាធារណជន បានឃើញការដាក់តាំងស្លាកតម្លៃជាប្រាក់រៀលកាន់តែច្រើនឡើង សាធារណជននឹងកាន់តែសុំជាមួយការចាយប្រាក់រៀល និងកាន់តែមានទំនុកចិត្តប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។
ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន មានសារៈសំខាន់ណាស់ក្នុងការពង្រឹងប្រសិទ្ធភាពការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតនៅកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការជំរុញការនាំចេញ ជំរុញការវិនិយោគនិងការប្រើប្រាស់ បង្កើនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ។
លោកបានបន្ថែមថា តាមរយៈរបាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ច មូលនិធិរូបិយវត្ថុអន្តរជាតិបានទទួលស្គាល់ថា ការបង្កើនការប្រើប្រាស់ប្រាក់រៀល នឹងជួយបង្កើនភាពធនរបស់សេដ្ឋកិច្ច ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចកើតឡើងជាយថាហេតុ។
លោក យឹម លាត បានបញ្ជាក់ថា «ក្នុងន័យនេះខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសេដ្ឋកិច្ចជាតិ ជាពិសេស ការបើកប្រាក់បៀរវត្សរ៍ជាប្រាក់រៀលជូនបុគ្គលិក ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនកាន់តែច្រើនឡើង តាមរយៈការជំរុញការបិទស្លាកតម្លៃជារៀល និងការទូទាត់ជាប្រាក់រៀល ការកំណត់អត្រាប្តូរដែលអនុគ្រោះ ដល់អ្នកប្រើប្រាស់ប្រាក់រៀល ការផ្ដល់ឥណទាន និងការសន្សំជាប្រាក់រៀល ក្នុងលក្ខខណ្ឌប្រសើរជាងប្រាក់ដុល្លារអាមេរិក»។
លោក បួន សារៈមុនី ក៏បានបង្ហាញអំពីការខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយយ៉ាងសកម្ម អំពីការប្រើប្រាស់ប្រាក់រៀល។ ដោយក្នុងនោះក្រសួងពាណិជ្ជកម្ម បានចូលរួមយ៉ាងសកម្មជាមួយជាមួយ ធនាគារជាតិនៃកម្ពុជា ស្ដីពីការលើកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបន្ដចូលរួមផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕