(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក Confirel & PPM Group ដែលជាជំនួញក្នុងវិស័យកែច្នៃផលិតផលកសិកម្ម បានប្រាប់អំពីមូលហេតុ ដែលមិនសូវមានអ្នកចង់វិនិយោគលើវិស័យកសិកម្ម ដោយសារតែវិស័យនេះ អត់មានស្ថេរភាពចំពោះតម្លៃ។
ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញការនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សាអឺរ៉ុប» ក្នុងកម្មវិធី FRESH BUSINESS ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានលើកឡើងថា មូលហេតុដែលមិនសូវ មានអ្នកចង់វិនិយោគលើវិស័យកសិកម្ម ព្រោះ «យើងអត់មានគម្រោងមេ»។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់ថា «ប្រជាពលរដ្ឋយើង គាត់ចេះដាំ ប៉ុន្ដែគាត់ដាំហើយ គាត់យកទៅលក់ឲ្យអ្នកណា តម្លៃដែលគាត់ចាប់ផ្ដើមដាំ គាត់គិតថា ចំណេញ ប៉ុន្ដែដាំរួចហើយ ពេលបានផល តម្លៃនោះធ្វើឲ្យគាត់ខាតទៅវិញ វាអត់មានស្ថេរភាព»។
ឧកញ៉ាឱសថបណ្ឌិត បានបន្ថែមទៀតថា ហេតុផលទាំងនេះហើយ បានធ្វើឲ្យវិស័យកសិកម្មរបស់កម្ពុជា ពិបាកនឹងរីកចម្រើន ដោយសារអត់មានភាពនឹងនរ តាំងពីតម្លៃទិញជាដើម ដូច្នេះទាល់តែបង្កើតជាប្រព័ន្ធ ចំពោះបញ្ហានេះ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ទើបធ្វើឲ្យមានអ្នកចង់វិនិយោគ លើវិស័យកសិកម្ម៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖