(អាម៉េរិក)៖ ក្រុមហ៊ុនផលិតយន្តអាម៉េរិក Boeing នឹងកាត់បន្ថយការងារចំនួន១៧,០០០កន្លែង ស្មើនឹង១០ភាគរយ នៃកម្លាំងពលកម្មសកលរបស់ខ្លួន និងបានពន្យារពេលការប្រគល់យន្តហោះប្រភេទ 777X ជាលើកដំបូងរបស់ខ្លួន រយៈពេល១ឆ្នាំ ព្រមទាំងបានបង្ហាញរបាយការណ៍ខាត៥ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ខណៈក្រុមហ៊ុននេះ កំពុងទទួលរងនូវការធ្វើកូដកម្ម រយៈពេល១ខែមកហើយ ពីសំណាក់កម្មករ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
នាយកប្រតិបត្តិ លោក Kelly Ortberg បានលើកឡើងនៅក្នុងសារទៅកាន់និយោជិតថា ការកាត់បន្ថយការងារនេះ គឺពិតជាមានសារសំខាន់ «ដើម្បីស្របទៅតាមការពិតផ្នែកហិរញ្ញវត្ថុរបស់យើង» បន្ទាប់ពីការធ្វើកូដកម្ម ដែលកំពុងបន្តធ្វើឡើងដោយកម្មករ ចំនួន៣៣,០០០នាក់ នៅរោងចក្រ West Coast របស់សហរដ្ឋអាម៉េរិក នាំឱ្យមានការផ្អាកដំណើរការផលិតយន្តហោះប្រភេទ 737 MAX, 767 និង 777 របស់ខ្លួន។
«យើងនឹងកំណត់ឡើងវិញ នូវកម្រិតកម្លាំងពលកម្មរបស់យើង ដើម្បីស្របតាមការពិតនៃហិរញ្ញវត្ថុរបស់យើង និងផ្តោតកាន់តែខ្លាំងទៅលើអាទិភាព។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ, យើងមានគម្រោងកាត់បន្ថយទំហំកម្លាំងពលកម្មសរុបរបស់យើង ប្រមាណ១០ភាគរយ។ ការកាត់បន្ថយទាំងនោះ នឹងរួមទាំងមន្ត្រីប្រតិបត្តិ, អ្នកគ្រប់គ្រង និងនិយោជិត»។ នេះបើយោងតាមសាររបស់លោក Ortberg។
ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ១.១ភាគរយ ក្នុងការជួញដូរក្រោយទីផ្សារ។
នេះគឺជាការផ្លាស់ប្តូរយ៉ាងធំ ដោយលោក Ortberg ដែលបានចូលកាន់តំណែង កាលពីខែសីហា ដោយបានសន្យាថា នឹងកំណត់ទំនាក់ទំនងឡើងវិញ ជាមួយនឹងសហជីព និងនយោជិតរបស់ខ្លួន។
ក្រុមហ៊ុន Boeing ដែលនឹងរាយការណ៍ប្រាក់ចំណូលត្រីមាសទី៣ នៅថ្ងៃទី២៣ ខែតុលានោះ, បានឱ្យដឹងនៅក្នុងការចេញផ្សាយដាច់ដោយឡែកមួយថា ខ្លួនឥឡូវនេះរំពឹងថា នឹងមានប្រាក់ចំណូល១៧.៨ពាន់លានដុល្លារ, ខាត៩.៩៧ដុល្លារ ក្នុងមួយភាគហ៊ុន ហើយលំហូរសាច់ប្រាក់ប្រតិបត្តិការអវិជ្ជមាន មានភាពល្អប្រសើរជាងការរំពឹងទុក ចំនួន១.៣ពាន់លានដុល្លារ៕