(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអអ្ករចំនួន ១២ ចូលរួមការតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l'Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
វត្តមានក្រុមហ៊ុនទាំង១២ចូលរួមពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅបារាំងនេះ ដោយសារការយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករ តាមរយៈការសហការគាំទ្រដោយ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងហាវែស III សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះ គឺជាការចូលរួមលើកទី២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៨០ ម៉ែត្រការ៉េ បន្ទាប់ពីការចូលរួមលើកទី១ នៅក្នុងឆ្នាំ២០១៤។
គោលបំណងនៃការចូលរួមព្រឹត្តិការណ៍តាំងពិរព័រណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារដែលស្របទៅតាមគោលនយោបាលរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើបទដ្ឋានស្តង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។ អស់រយៈពេល ៦០ ឆ្នាំ ព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris បានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិត។
ក្រុមហ៊ុននាំចេញទាំង១២ ដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris ស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖
១. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត
២. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) ឯ.ក
៣. ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូ អិលធីឌី
៤. ក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា
៥. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី
៦. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី
៧. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍
៨. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត
៩. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)
១០. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប
១១. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន
១២. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)៕