(ហ្សាការតា)៖ លោក Prabowo Subianto ប្រធានាធិបតី ដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗ របស់ប្រទេសឥណ្ឌូណេស៊ី នឹងពិនិត្យមើលលទ្ធភាពកាត់បន្ថយពន្ធ លើប្រាក់ចំណូលសាជីវកម្មមកត្រឹម ២០ភាគរយពី ២២ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក Prabowo ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ បានសន្យាធ្វើឱ្យប្រសើរឡើងនូវការអនុលោមតាមច្បាប់ពន្ធដារ ដោយស្វែងរកការបង្កើនប្រាក់ចំណូលពន្ធដល់ ១៨ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ក្រុមការងាររបស់គាត់បាននិយាយថា លោក Prabowo គ្រោងនឹងបំបែកការិយាល័យពន្ធដារ និងការិយាល័យពន្ធគយរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីបង្កើតជាភ្នាក់ងារចំណូលរដ្ឋ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ សេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍ CNBC Indonesia ដែលបានដកស្រង់សម្តីលោក Dradjad Wibowo ទីប្រឹក្សារបស់លោក Prabowo ថា៖ «យើងសង្ឃឹមថា នៅពេលណាមួយយើងអាចកាត់បន្ថយពន្ធ លើប្រាក់ចំណូលសាជីវកម្ម»។
វិនិយោគិនបរទេសមានការព្រួយបារម្ភថា លោកប្រធានាធិបតី Prabowo ដែលមានគម្រោងពង្រីកចំនួនក្រសួងរបស់រដ្ឋាភិបាល អាចបន្ធូរបន្ថយវិធានសារពើពន្ធនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុត របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ជំនួយការជាន់ខ្ពស់ម្នាក់បាននិយាយថា លោក Prabowo នឹងប្រកាន់ខ្ជាប់ទៅនឹងកម្រិតចំណាយឆ្នាំ២០២៥ ដែលបានព្រមព្រៀងរួចហើយ និងច្បាប់ថវិកាដែលមានស្រាប់។
លោក Dradjad ត្រូវបានដកស្រង់សម្តីថា ការសម្រេចចិត្តលើការកាត់បន្ថយពន្ធសាជីវកម្ម នឹងអាស្រ័យលើស្ថានភាពចំណូលរបស់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ «យើងនឹងមើលឃើញថាតើលទ្ធផលចំណូលរដ្ឋយ៉ាងម៉េចដែរ។ បើមានឱកាស យើងចង់កាត់បន្ថយ ដើម្បីកុំឱ្យមានបន្ទុកពេកសម្រាប់ប្រជាពលរដ្ឋ»៕