(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយចិន Caixin Global បានរាយការណ៍ថា ប្រទេសចិនអាចនឹងបង្កើនការប្រមូលប្រាក់បន្ថែមចំនួន ៦ពាន់ពាន់លានយន់ (៨៥០ពាន់លានដុល្លារ) ពីការបោះផ្សាយមូលបត្របំណុលរតនាគារពិសេស ក្នុងរយៈពេល ៣ឆ្នាំ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ សេចក្តីរាយការណ៍របស់កាសែត Caixin Global ដែលបានដកស្រង់ប្រភព ដែលបានដឹងបញ្ហានេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោក Lan Foan បាននិយាយកាលពីថ្ងៃសៅរ៍ថា បំណុលរបស់ទីក្រុងប៉េកាំងនឹង «កើនឡើងគួរឱ្យកត់សម្គាល់» តែការលើកឡើងរបស់លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីទំហំនិងពេលវេលានៃការដាក់ចេញវិធានការសារពើពន្ធទេ។
លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តចិនជាន់ខ្ពស់នៃធនាគារ ANZ បាននិយាយថា៖ «បរិមាណនេះស្របតាមការរំពឹងទុករបស់យើង»។ លោកបានបន្ថែមថា៖ «សម្រាប់ឆ្នាំក្រោយ យើងនៅតែគិតថា គោលដៅកំណើនប្រហែល ៥ភាគរយទំនងជាត្រូវបានរក្សាទុក។ ដូច្នេះសម្រាប់អត្រាកំណើន ៥ភាគរយ វាគួរតែគ្រប់គ្រាន់»។
សេចក្តីរាយការណ៍របស់កាសែត Caixin ដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទបានបង្ហាញថា មូលនិធិដែលប្រមូលពីការបោះផ្សាយមូលបត្របំណុលនេះ នឹងត្រូវបានប្រើប្រាស់មួយផ្នែក ដើម្បីជួយរដ្ឋាភិបាលក្នុងតំបន់ដោះស្រាយបំណុលរបស់ខ្លួន។ ទឹកប្រាក់ដែលនឹងត្រូវប្រមូលពីការបោះផ្សាយមូលបត្របំណុល ដែលបានរាយការណ៍នេះមានទំហំជិត ៥ភាគរយនៃទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសចិន។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ប្រមាណថា បំណុលរបស់រដ្ឋាភិបាលកណ្តាលមានចំនួន ២៤ភាគរយនៃទិន្នផលសេដ្ឋកិច្ច ប៉ុន្តែបំណុលសាធារណៈរួម ដោយរួមបញ្ចូលទាំងបំណុលរបស់រដ្ឋាភិបាលមូលដ្ឋាន មានប្រហែល ១៦ពាន់ពាន់លានដុល្លារអាមេរិក ឬ ១១៦ភាគរយនៃផលិតផលក្នុងស្រុកសរុប។
លោក Xia Haojie អ្នកវិភាគផ្នែកមូលបត្របំណុល មកពីក្រុមហ៊ុន Guosen Futures បានប្រាប់រ៉យទ័រថា៖ «លុះត្រាតែរដ្ឋាភិបាលថ្នាក់កណ្តាលស្ម័គ្រចិត្តបង្កើនបំណុល បើមិនដូច្នេះទេការវិនិយោគនឹងនៅតែទន់ខ្សោយ ខណៈដែររដ្ឋាភិបាលមូលដ្ឋានត្រូវប្រឈមមុខនឹងបំណុលដ៏ច្រើន ហើយតារាងតុល្យការរបស់សាជីវកម្ម កំពុងត្រូវបានបំផ្លាញដោយសេដ្ឋកិច្ចទន់ខ្សោយ»៕