(ភ្នំពេញ)៖ ក្នុងរយៈពេលជិតមួយឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋាននេះ ទទួលបានជើងហោះហើរចំនួន ១៤,៧០០ ជើង និងអ្នកដំណើរចេញចូលសរុបប្រមាណ១.៣២លាននាក់ និងរំពឹងថាអ្នកដំណើរចេញ-ចូលនឹងកើនដល់ ១លាន៥០ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២៤នេះ ខណៈអាកាសយានដ្ឋានអន្តរជាតិ បានបើកផ្លូវហោះហើរទៅកាន់៨ ប្រទេស និង១៥ទីក្រុង។
ថ្លែងនៅក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន បានឱ្យថា ជាមធ្យមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានការហោះហើរចំនួន ៤០ជើង ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរប្រមាណ ៣,៦២០ នាក់ ពោលគឺអាកាសយានដ្ឋាននេះមានអត្រាធម្មតាខ្ពស់ជាង ៩០%។ បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបើកផ្លូវហោះហើរទៅកាន់៨ ប្រទេស និង១៥ ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ដែលបានហោះហើរចំនួន ១៦ ខ្សែផ្លូវ ភ្ជាប់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
លោកបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានក្លាយជាតំបន់សំខាន់ក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ច និងវប្បធម៌ របស់កម្ពុជា និងប្រទេសនៅអាស៊ីអាគ្នេយ៍។
លោកបន្ថែមថា «យើងបានពង្រីកការសហប្រតិបត្តិការអន្តរជាតិ យ៉ាងសកម្ម ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផ្តល់សេវាកម្មពីទូទាំងពិភពលោក មកបើកអាជីវកម្មនៅកម្ពុជា។ យើងបានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយតំបន់ និងសន្និសីទអំពីផ្លូវហោះហើរជាច្រើន ដោយបានធ្វើការទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ ដូចជាក្រុមហ៊ុន IndiGo របស់ឥណ្ឌា, អាកាសចរណ៍តួកគី, អាកាសចរណ៍ម៉ាឡេស៊ី, Lion Air របស់ឥណ្ឌូណេស៊ី, Korean Air, Asiana Airlines និង Xiamen Airlines។ ជាមួយគ្នានេះយើងបានបង្ហាញ និងផ្សព្វផ្សាយយ៉ាងលម្អិត នូវធនធានទេសចរណ៍ខេត្តសៀមរាប និងសមត្ថភាពសេវាកម្មរបស់អាកាសយានដ្ឋាន ដែលបានកាន់តែរឹតបន្តឹងភាពទាក់ទាញ របស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនៅក្នុងតំបន់អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ានទាំងមូល ដើម្បីឆ្លើយតបនឹងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ល្បឿននៃការស្តារឡើងវិញនៃ ទីផ្សារទេសចរណ៍ខេត្តសៀមរាប»។
លោកបណ្ឌិត ម៉ៅ ហាវវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) បានចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋាននៅកម្ពុជា បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យ អាកាសចរណ៍-ទេសចរណ៍-វិនិយោគ ប្រកបដោយចីរភាព និងភាពធន់ ស្របតាមទស្សនវិស័យ គោលនយោបាយ និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាបណ្តើរៗដូចការរំពឹង ទុកពិតប្រាកដមែន។
ក្នុងនោះដែរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបន្តខិតខំពង្រឹង និងពង្រីកលក្ខណៈសម្បត្តិរបស់ខ្លួនបន្ថែមទៀត សម្រាប់ចាប់យកកាលានុវត្តភាព ដែលមាននៅលើទីផ្សារជាតិ និងអន្តរជាតិ ជាពិសេសការត្រៀមខ្លួនឱ្យបានរួចរាល់នៅចំពោះ មុខបញ្ហាប្រឈមថ្មីៗ ដែលជាបច្ច័យពីកត្តាខាងក្រៅ និងកត្តាខាងក្នុង រួមទាំងអ្វីៗផ្សេងៗ ទៀត ដែលយើងគួរបង្កើតឱ្យមាន និងត្រូវផ្សព្វផ្សាយទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា ជាជម្រើសល្អមួយ ដែលមិនត្រឹមតែមកទស្សនា និងកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលមក ដើម្បីបង្កើត និងបង្កើនចំណូលពាណិជ្ជកម្ម, អាជីវកម្ម, កិច្ចប្រជុំ, និងព្រឹត្តិការណ៍ធំៗជាច្រើន។
សូមជម្រាបថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការវិនិយោគក្នុងទម្រង់ «សាងសង់- អាជីវកម្ម-ផ្ទេរ/ BOT» និងមានទុនវិនិយោគ ចំនួន១១០០លានដុល្លារ អាមេរិក ដោយកសាងហេដ្ឋារចនា សម្ព័ន្ធថ្មីសុទ្ធសាធ (greenfield) លើផ្ទៃដីទំហំ៧០០,០៦ហិកតា និងមានដីបំរុងប្រមាណ១ ០០០ហិកតា សម្រាប់ការកសាងតំបន់អភិវឌ្ឍពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-កសិកម្ម-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/Airport City»នាពេលដ៏ឆាប់ខាងមុខ។
* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានសមត្ថភាពអាចទទួលបាន យន្តហោះរហូតដល់កូដអី (Code E: A-340-300, A350-900 and B777-200/300ER, B747-300/400..) មានចំណតយន្តហោះចំនួន៣៨
* សមត្ថភាពអាចទទួលបាន អ្នកដំណើរប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ៧លាននាក់/ឆ្នាំ និងរយៈពេលវែង២០លាននាក់/ឆ្នាំ
* សមត្ថភាពអាចទទួលបាន ទំនិញប្រចាំឆ្នាំ សម្រាប់រយៈពេលខ្លី-មធ្យម ១០,០០០តោន/ឆ្នាំ និងរយៈពេលវែង ៦០,០០០តោន/ឆ្នាំ
* មន្ត្រីបុគ្គលិកសមត្ថកិច្ចចម្រុះពាក់ព័ន្ធ ចំនួន ១,០៣៣ នាក់ (រដ្ឋ និងឯកជន) ដែលកំពុងបម្រើការនៅក្នុងអាកាសយានដ្ឋាននេះ៕