(សៀមរាប)៖ ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ​បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្តិការផ្សេងៗ សម្រាប់ការបើកជើងហោះហើរថ្មី និងក្រុមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញ​ឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀត បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ថ្លែងនៅ​ក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃ​ការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន បាន​បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្ត សម្រាប់ការបើកជើងហោះហើរថ្មី (New Routes) ឬជើងហោះហើរដែលបានផ្អាកជាង១២ ខែ ហើយធ្វើការតភ្ជាប់ហោះហើរឡើងវិញ ដោយបញ្ចុះតម្លៃទាំងស្រុង (១០០%) នូវថ្លៃចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទីពីរ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ឬ៥០%ប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្តសម្រាប់ ក្រុមហ៊ុនអាកាសចរណ៍ថ្មី ឬក្រុមហ៊ុនអាកាសចរណ៍ ដែលបានផ្អាកប្រតិបត្តិការលើសពី ១២ខែ ហើយធ្វើប្រតិបត្តិការឡើងវិញ​ ដោយគិតថ្លៃ​ចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ៥០% ក្នុងឆ្នាំដំបូង ហើយក្នុងឆ្នាំទីពីរ នឹងត្រូវបានកាត់បន្ថយត្រឹម២៥%។

លើសពីនេះទៅទៀត នឹងផ្តល់ការបញ្ចុះតម្លៃផ្ទាល់ យោងតាមចំនួនអ្នកដំណើរចេញ។ ជើងហោះដែលមានចំនួនអ្នកដំណើរចាប់ពី ១២០ នាក់ ដល់១៥០ នាក់ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០០ដុល្លារ ក្នុងមួយជើងហោះហើរ។ ចំណែកជើងហោះហើរ ដែលមានចំនួនអ្នកដំណើរចាប់ពី១៥០ នាក់ឡើងនឹងទទួល បានប្រាក់លើកទឹកចិត្តចំនួន ៦០០ដុល្លារក្នុងមួយជើងហោះហើរ។

លោក ស៊ូ បូ ជឿជាក់ថា តាមរយៈវិធានការលើកទឹកចិត្តនេះ ​នឹងអាចទាក់ទាញ ​ឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀត បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ​

លោកបានលើកឡើងបន្ថែមថា ​«យើងមានជំនឿដ៏មុតមាំថា ក្រោមការណែនាំ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការយក ចិត្តទុកដាក់ និងគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងដោយមានកិច្ចសហប្រតិបត្តិការ ពីគ្រប់ដៃគូ ទាំងអស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបន្តដំណើរទៅមុខ និងសម្រេចបាននូវការអភិវឌ្ឍ ដ៏ចីរភាព។ នេះនឹងផ្តល់កម្លាំងថ្មីសម្រាប់ការស្តារឡើងវិញ នូវសេដ្ឋកិច្ចទេសចរណ៍ខេត្តសៀមរាប និងការរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជាទាំងមូល»

ជាមួយគ្នានេះដែរ លោកបណ្ឌិត ម៉ៅ ហាវវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងពីគោលនយោបាយ និងវិធានការអនុគ្រោះ​មួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលថ្មីៗនេះ ក្នុងការជំរុញ និងសម្រួល ដល់ការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មី នៅខេត្តសៀមរាប។

គោលនយោបាយ និងវិធានការអនុគ្រោះ ទាំងនោះរួមមាន៖

* ក្របខណ្ឌក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេស្តិ៍)៖

- បានរៀបចំការបង់ថ្លៃសេវាទិដ្ឋាការតាមអនឡាញ
- បានរៀបចំប្រព័ន្ធ E-Arrival ជាទម្រង់តែមួយ សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលមកកម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ គ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំង ពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិត ប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia E-Arrival ដោយមិនចាំបាច់ចំណាយពេល វេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ កម្ពុជាទៀតឡើយ
- បានលុបចោលគោលការណ៍ ដែលតម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិ ត្រូវសម្រាកមួយយប់។

* ក្របខណ្ឌក្រសួងទេសចរណ៍
- បានដាក់ចុះយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» សំដៅជំរុញសន្ទុះងើបឡើង វិញវិស័យទេសចរណ៍ខេត្តសៀមរាប
- បានលើកលែងការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ ដំណាច់ឆ្នាំ២០២៤
- ពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពី ២ឆ្នាំ ទៅ ៣ឆ្នាំ ម្តង។

* ក្របខណ្ឌរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

- កម្រៃសិទ្ធិហោះហើរតែម្ខាង (Traffic Right Charge - Royalty) ដល់ក្រុមហ៊ុន អាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិចេញ-ចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ រួមមាន៖
- ផ្តល់ការចុះកម្រៃ ៥០% ដូចគ្នាជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់ជើងហោះហើរបន្ថែម (Extra Flight) និងជើងហោះហើរដោយយន្តហោះជួល (Charter Flight)
- ផ្តល់ការចុះកម្រៃ ៥០% ចំពោះជើងហោះហើរជាប្រចាំ (Regular Flight) គ្រប់ជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ចំពោះកម្រៃ Royalty ចំនួន ៥០% ទៀត ដែលនៅសល់ ត្រូវបានផ្តល់ជាការលើកទឹកចិត្ត (Incentive) បន្ថែមស្របទៅតាមលក្ខណ្ឌ កំណត់ដូចខាងក្រោម៖

ក) សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១២០នាក់ ដល់ ១៤៩នាក់ ទទួលបានការកាត់បន្ថយកម្រៃចំនួន ២៥% បន្ថែម (ឬទទួលបានការកាត់បន្ថយសរុប ៧៥%) និង

ខ) សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នក ដំណើរចាប់ពី១៥០នាក់ឡើងទៅ នឹងត្រូវទទួលបានការការចុះកម្រៃ Royalty ចំនួន៥០% បន្ថែម (ឬទទួលបានការកាត់បន្ថយសរុប១០០%)
Air Navigation Charges for Landing (កម្រៃសេវានាំផ្លូវសម្រាប់ការចុះចត)។

- បានកាត់បន្ថយកម្រៃសេវានាំផ្លូវសម្រាប់ការចុះចត (Air Navigation Charges for Landing) ចំនួន៥០% ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរ ក្នុងស្រុក (Domestic) និងអន្តរជាតិ (International) នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ សម្រាប់រដូវខ្សត់ភ្ញៀវ/រដូវបៃតង (Low season/Green season)។

- ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ/YACA (ប្រតិបត្តិករ) បាននិងកំពុងពិនិត្យ ពិចារណាដាក់ចេញនូវគោលការណ៍លើកទឹកចិត្ត និងសម្រួលដល់ការយក កម្រៃសេវានានាបន្ថែមទៀត ដល់ឧស្សហកម្មអាកាស ចរណ៍តាមលទ្ធភាពដែលអាចធ្វើទៅបាន។

* ក្របខណ្ឌធនាគារជាតិកម្ពុជា

- សម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ទក់ រហែក
- បានដាក់ឱ្យប្រើប្រាស់ការទូទាត់ប្រាក់តាមកម្មវិធីបាគងថ្មីមួយ សម្រាប់ភ្ញៀវទេសចរ ដើម្បីជួយសម្រួលដល់ការចាយវាយ ឬទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗរបស់ភ្ញៀវ ទេសចរបរទេសនៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។ តាមរយៈប្រព័ន្ធបាគង នេះ អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស អាចប្រើប្រាស់ក្រេឌីតកាត ដូចជាវីសា (Visa) ម៉ាស្ទ័រកាត (Master Card) និងញូញៀនផេ (Union Pay) ផ្ទេរប្រាក់ចូលទៅក្នុង គណនីបាគងសម្រាប់ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បើទោះបីពួកគេគ្មាន គណនីនៅធនាគារក្នុងស្រុកក៏ដោយ។

* ក្របខណ្ឌអាជ្ញាធរជាតិអប្សរា

- បានកែសម្រួលនៅលក្ខខណ្ឌតម្រូវថ្មី ពាក់ព័ន្ធនឹងការថតវីដេអូ ឬរូបភាពសន្លឹក ក្នុងរមណីយដ្ឋានអង្គរ
- បានការកែសម្រួលពេលវេលាបើក-បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ
- បានកែសម្រួលទម្រង់ការលក់ប័ណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យប័ណ្ណចូល ទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង ដើម្បីបង្ករភាពងាយស្រួលជូនដល់ ភ្ញៀវទេសចរបន្ថែមទៀត។

* ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានពន្ធដារ)

ក) ការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ (Airlines companies)
១. បានបន្ថយអត្រាពន្ធកាត់ទុកពី១៤ ​ភាគរយ មកត្រឹម ១០ ​ភាគរយ ចំពោះការជួលយន្តហោះពីក្រៅប្រទេស មកប្រកបអាជីវកម្មរបស់ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក

២. បានបន្ថយអត្រាអាករពិសេសពី១០​ភាគរយ មកត្រឹម ៥ ​ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសដោយពុំគិតថាការដឹកជញ្ជូនអ្នកដំណើរធ្វើឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចរណ៍បរទេសឡើយ។
* ការអនុគ្រោះដូចមានចែងក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ មានរយៈពេល ៣ ឆ្នាំ គិតចាប់ពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។

ខ) ការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេសចំពោះឧស្សាហកម្មទេសចរណ៍នៅ ខេត្តសៀមរាប (Tourism Industries in Siem Reap only)
១. បន្តការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ (ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារ ទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានអាជីវកម្មនៅខេត្តសៀមរាប) លើកលែងពន្ធលើប្រាក់ចំណូល មិនចុះធ្វើសវន កម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥

២. រាជរដ្ឋាភិបាល ក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារអាមេរិក តាមរយៈធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) សម្រាប់ត្រៀមផ្តល់ឥណទាន ជា ពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប​៕