(បាងកក)៖ សន្ទស្សន៍មនោសញ្ចេតនាឧស្សាហកម្មរបស់ថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ខ្លួន ក្នុងរយៈពេល២៧ខែ នៅខែកញ្ញា ដោយសារតែតម្រូវការក្នុងស្រុកមានភាពទន់ខ្សោយ, ផលប៉ះពាល់នៃគ្រោះទឹកជំនន់ និងប្រាក់បាតមានភាពរឹងមាំ។ នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
FTI បានឱ្យដឹងថា សន្ទស្សន៍មនោសញ្ចេតនាឧស្សាហកម្មរបស់ខ្លួន បានធ្លាក់ចុះដល់៨៧.១ ក្នុងខែកញ្ញា ពី៨៧.៧ កាលពីខែសីហា។
កម្លាំងទិញ បានធ្លាក់ចុះដោយសារកម្រិតបំណុលគ្រួសារខ្ពស់ ដែលបានឆ្លុះបញ្ចាំងនៅក្នុងការធ្លាក់ចុះ នៃការលក់រថយន្ត ខណៈធនាគារបានរឹតបន្តឹង លើការផ្តល់ប្រាក់កម្ចី។ នេះបើតាម FTI បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
ការកើនឡើងនៃប្រាក់បាតថៃ ធៀបនឹងប្រាក់ដុល្លារអាម៉េរិក បានដាក់សម្ពាធលើអ្នកនាំចេញ ស្របពេលដែលទំនិញនាំចូលពីប្រទេសចិន ដែលមានតម្លៃថោក ក៏បានប៉ះពាល់ដល់វិស័យផលិតរបស់ថៃផងដែរ។ FTI បានបន្ថែម។
ប្រាក់បាត បានកើនឡើង២.៥ភាគរយ ធៀបនឹងប្រាក់ដុល្លារអាម៉េរិក គិតមកដល់ពេលនេះ ក្នុងឆ្នាំនេះ, បានក្លាយជារូបិយប័ណ្ណខ្លាំងជាងគេបំផុតទី២ ប្រចាំទ្វីបអាស៊ី បន្ទាប់ពីប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ី។
FTI បានអំពាវនាវឱ្យធនាគារជាតិថៃ បន្តរក្សាប្រាក់បាត នៅកម្រិតសមស្រប និងអត្រាការប្រាក់ សមស្របទៅតាមសេដ្ឋកិច្ច។
សូមរំលឹកថា គ្រោះទឹកជំនន់ នៅផ្នែកជាច្រើននៃប្រទេសថៃ បានប៉ះពាល់ដល់វិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងគោលដៅទេសចរណ៍ផងដែរ។ FTI អំពាវនាវឱ្យរដ្ឋាភិបាល គួរតែដាក់ចេញនូវវិធានការជំរុញលើកទឹកចិត្តបន្ថែមទៀត៕