(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់ភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ដែលទទួលបានអាជ្ញាបណ្ណពីអគ្គនាយកដ្ឋានពន្ធដារ ត្រូវផ្តល់សេវាជូនអ្នកជាប់ពន្ធប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ចៀសវាងការចូលរួមជាមួយអ្នកជាប់ពន្ធក្នុងសកម្មភាពកេងបន្លំប្រាក់ពន្ធដែលនាំឱ្យប៉ះពាល់ដល់ថវិកាជាតិ។
លោក គង់ វិបុល ណែនាំបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រភ្នាក់ងារសេវាកម្មពន្ធដារជំនាន់ទី១៣ ដល់ទី១៤ និងវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៥ ជូនសិក្ខាកាម ជ័យលាភីចំនួន ៣៣៧រូប នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលាជាតិពន្ធដារ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានជំរុញឱ្យសិក្ខាកាមជ័យលាភីទាំងអស់ ដែលមិនទាន់ទទួលបានអាជ្ញាបណ្ណភ្នាក់ងារសេវាកម្ម ពន្ធដារ ត្រូវស្នើសុំអាជ្ញាបណ្ណពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីប្រកបអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ សំដៅចូលរួមចំណែកជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការជួយពន្យល់ណែនាំ និងផ្តល់សេវាពាក់ព័ន្ធនឹងពន្ធដារជូនអ្នកជាប់ពន្ធឱ្យបានត្រឹមត្រូវ និងបំពេញកាតព្វកិច្ច សារពើពន្ធទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ភ្នាក់ងារសេវាកម្មពន្ធដារដែលទទួលបានអាជ្ញាបណ្ណជាភ្នាក់ងារសេវាកម្ម ពន្ធដារពីអគ្គនាយកដ្ឋានពន្ធដារមានប្រមាណ៤០០ ក្រុមហ៊ុនតែប៉ុណ្ណោះ៕