(ភ្នំពេញ)៖ លោក ថេ ឈុន ហាក់ អគ្គនាយក នៃ ការ អភិវឌ្ឍ សេដ្ឋកិច្ច នៃ ក្រសួង កិច្ច ការ នារី បានបង្ហាញពីគន្លឹះក្នុងការអភិវឌ្ឍន៍ខ្លួន ដោយក្នុងនោះមានចំណេះដឹងមូលដ្ឋានចំនួន៣ ដែលនឹងជួយដល់ប្រជាពលរដ្ឋ ពិសេសស្រ្ដីក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងក្លា និងជោគជ័យ។
ការលើកឡើងរបស់លោក ថេ ឈុន ហាក់ ធ្វើឡើងក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការ លើក កម្ពស់ ចំណេះដឹង ហិរញ្ញវត្ថុឌីជីថល សម្រាប់ សហគ្រិនស្រ្តី»។
លោកបានលើកឡើងថា អ្វីដែលកំពុងធ្វើនាពេលបច្ចុប្បននេះ គឺផ្ដោតលើចំណេះដឹងមូលដ្ឋាន ដែលជាខឿនមួយសម្រាប់ពលរដ្ឋគ្រប់ៗគ្នា ដែលមិនផ្ដោតសំខាន់លើអ្នករកស៊ី ឬអាជីវករឡើយ សូម្បីតែរូបលោកផ្ទាល់ជាអ្នកធ្វើការងាររដ្ឋក៏ត្រូវតែចេះ និងផ្ដល់នូវចំណេះដឹងមូលដ្ឋានចំនួន ៣រួមមមាន៖
១៖ ផ្នត់គំនិតអាជីវកម្ម ចំណុចនេះសំខាន់ណា ដូច្នេះពលរដ្ឋគ្រប់រូបត្រូវដឹង និងចេះ មិនត្រូវគិតថា ទាល់តែយើងជាអ្នករស៊ីទើបមានផ្នតគំនិតនេះឡើយ ព្រោះផ្នត់គំនិតនេះជួយច្រើន។
២៖ ចំណេះដឹងឌីជីថល ជាចំណេះដឹងមូលដ្ឋាន ដោយចេះប្រើប្រាស់ឌីជីថល លើការប្រើប្រាស់ធម្មតា។
៣៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចំនុចនេះជាចំណុចសំខាន់ផងដែរ ព្រោះការចេះនូវចំណេះដឹងនេះ នឹងជួយដល់យើងក្នុងការរកចំណូល ចាយវាយសន្សំសំចៃជាដើម។
លោកបានបញ្ជាក់បន្ថែមថា «គ្រប់ពលរដ្ឋទាំងអស់ពិសេសក្មេងស្រី និងស្រ្ដី ពេលណាដែលមានចំណេះដឹង ៣ខាងលើនេះ មិនបញ្ជាក់ថា ពួកគាត់ធ្វើការងារអ្វី និងនៅទីណាទេ គាត់អាចយកចំណុចទាំង៣ខាងលើ ទៅបណ្ដុះនូវសក្ដានុពលរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាជាមុន»៕