(ភ្នំពេញ)៖ សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ការចិញ្ចឹមត្រីទូទាំងប្រទេសមានការកើនឡើងប្រមាណ ២៥% បើធៀបទៅនឹងឆ្នាំ២០២៣ ដោយសារទីផ្សារត្រីល្អ និងទទួលបានតម្លៃសមរម្យ ដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលបានផលចំណេញ បន្ទាប់ពីកសិកររងការខាតបង់ខ្លាំងកាលពីឆ្នាំមុនៗ។
លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ សមាគមវារីវប្បករនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែតុលានេះ ការចិញ្ចឹមត្រីនៅក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងជាងឆ្នាំមុន ដោយសារចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក តម្លៃត្រីបានកើនឡើងជាបន្តបន្ទាប់ ដែលជំរុញឱ្យកសិករមួយចំនួន ដែលធ្លាប់ផ្អាកចិញ្ចឹមវិលមកចិញ្ចឹមវិញ ខណៈកសិករខ្នាតមធ្យមខ្លះ បានពង្រីកការចិញ្ចឹមច្រើនជាងមុន រីឯកសិករខ្នាតធំនៅរក្សាការចិញ្ចឹមក្នុងបរិមាណដដែល។
ការកើនឡើងនៃតម្លៃត្រីចាប់ពីចុងឆ្នាំ២០២៣មក ដោយសារអ្នកចិញ្ចឹមត្រីមានតិចជាងមុន បើធៀបនឹងកាលពីឆ្នាំមុនៗ ព្រោះតែអ្នកចិញ្ចឹមខ្នាតតូចមួយចំនួនធំ បានបោះបង់ការចិញ្ចឹម បន្ទាប់ពីរងការខាតបង់ផ្ទួនគ្នាក្នុងរយៈពេល ២ទៅ៣ឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ ការនាំចូលត្រីពីវៀតណាម ក៏មានបរិមាណតិចជាងមុន ដោយសារតម្លៃត្រីនៅវៀតណាមឡើងថ្លៃ។
លោក ឡែមផូរ សុថាវរិទ្ធិ បានឱ្យដឹងថា ដោយសារឆ្នាំនេះ តម្លៃត្រីនៅប្រទេសវៀតណាមឡើងថ្លៃ ហេតុដូច្នេះហើយឈ្មួញកណ្តាលមិនសូវហ៊ាននាំចូលមកកម្ពុជានោះទេ ព្រោះមិនទទួលបានផលចំណេញ ជាពិសេសប្រភេទត្រីប្រា ខណៈដែលកន្លងមកបើទោះបីជារាជរដ្ឋបាលជលផលមិនចេញលិខិតអនុញ្ញាត ក៏មានការលួចនាំចូលមកដែរ។
លោកបន្តថា បច្ចុប្បន្ននេះការនាំចូលត្រីពីប្រទេសជិតខាង ភាគច្រើននាំចូលតែប្រភេទត្រី ដែលមិនមានការចិញ្ចឹមក្នុងស្រុក ដូចជា ត្រីក្រហែ ត្រីកន្រ្តប់ ត្រីកណ្តែងប្រភេទមួយចំនួន ចំណែកត្រីរ៉ស ទីឡាប់ព្យា ត្រីប្រា និងត្រីឆ្ពិន មានការនាំចូលតិចតួច ដើម្បីបង្រ្គប់តម្រូវការក្នុងស្រុក ប៉ុន្តែមិនបង្កផលប៉ះពាល់ដល់ទីផ្សារត្រី ក្នុងស្រុកឡើយ។
ចំពោះតម្លៃត្រីវិញ លោកបានឱ្យដឹងថា «ចំពោះតម្លៃត្រីចិញ្ចឹមក្នុងស្រុក នៅលើទីផ្សារមិនមានការចុះថ្លៃនោះទេ មកទល់ខែនេះ គឺនៅថេរដដែល។ ការកើនឡើងនេះហើយ ដែលធ្វើឱ្យកសិករមានទឹកចិត្តក្នុងការចិញ្ចឹម។ ជាទូទៅត្រីគ្រប់ប្រភេទ បានឡើងថ្លៃ ត្រីចិញ្ចឹមនៅស្រះអាចកើនឡើងគី ៥០០រៀល ទៅ ២០០០រៀលមួយគីឡូក្រាម អាស្រ័យទៅតាមប្រភេទ។ ជាក់ស្តែងកាលពីមុនត្រីប្រាតម្លៃតែ ៤២០០រៀលទេ តែឆ្នាំនេះកើនឡើងដល់ជាង ៥០០០ពាន់រៀល»។
បើតាម លោកឡែមផូរ សុថាវរិទ្ធិ កាលពីអំឡុង ខែមេសា-ឧសភា ឆ្នាំ២០២៤ ប្រជាកសិករចិញ្ចឹមត្រីខ្នាតតូចប្រមាណ ៦០% បានបញ្ឈប់ការចិញ្ចឹមត្រី ដោយសារចំណីត្រីឡើងថ្លៃ ហើយតម្លៃត្រីលើទីផ្សារចុះថោក ធ្វើឲ្យការចិញ្ចឹមមិនត្រឹមតែមិនផ្ដល់ផលចំណេញប៉ុណ្ណោះទេ ថែមទាំងខាតកម្លាំងពលកម្មទៀតផង។ យ៉ាងនេះក្តីនេះ នៅឆ្នាំ២០២៤នេះ កសិករខ្នាតជាង៦០%ដែលបានបោះបង់ការចិញ្ចឹមកាលពីឆ្នាំ២០២៣ មានប្រមាណ៥% បានវិលត្រឡប់មកចិញ្ចឹមវិញ ប៉ុន្តែមួយចំនួនទៀត បានបោះបង់ការចិញ្ចឹមតែម្តង បន្ទាប់ពីពួកគេបានរងការខាតបង់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមុនៗ ដែលធ្វើឱ្យពួកគេមិនមានទុនសម្រាប់ចិញ្ចឹមបន្ត បើទោះបីជាតម្លៃត្រីប្រសើរជាងមុនក៏ដោយ។
លោក ប៊ុត សុវណ្ណ កសិករចិញ្ចឹមត្រីនៅខេត្តកំពង់ធំ បានប្រាប់បណ្តាញព័ត៌មាន Fresh news ថា ស្ថានភាពទីផ្សារត្រីនៅឆ្នាំនេះល្អជាងមុនខ្លាំង និងងាយស្រួលលក់ ដែលជាឱកាសល្អក្នុងការពង្រីកការចិញ្ចឹម ដោយលោកសង្កេតឃើញថា អ្នកចិញ្ចឹមខ្នាតមធ្យម និងធំ ដែលមានដើមទុនគ្រប់គ្រាន់ បានពង្រីកការចិញ្ចឹមត្រីច្រើនជាងមុន។ ប៉ុន្តែយ៉ាងណាមិញ ដោយសារលោកធ្លាប់រងការខាតបង់ខ្លាំង កាលពី២ទៅ៣ឆ្នាំមុន នៅឆ្នាំនេះលោកមិនទាន់ពង្រីកការចិញ្ចឹមបន្ថែមនោះទេ គឺរក្សាការចិញ្ចឹម ៤ស្រះដដែល ព្រោះមិនមានទុនគ្រប់គ្រាន់សម្រាប់ពង្រីក។
យោងតាមការកត់ត្រាតម្លៃត្រីស្រស់នៅកសិដ្ឋាន ឬស្រះចិញ្ចឹមមួយចំនួនក្នុងខេត្តគោលដៅទាំង០៦ រួមមានខេត្តកណ្តាល ខេត្តកំពង់ធំ កំពង់ចាម ពោធិ៍សាត់ សៀមរាប និងខេត្តបាត់ដំបង បានឱ្យដឹងថា ត្រីរ៉ស់ មានតម្លៃចន្លោះពី៦៦០០រៀល-១០០០០រៀល អាស្រ័យតាមតំបន់, ត្រីអណ្តែងរឹង មានតម្លៃចន្លោះពី៥០០០រៀល-៥២០០រៀល, ត្រីទីឡាព្យាក្រហម មានតម្លៃចន្លោះពី៧៥០០រៀល-១២០០០រៀល,ត្រីឆ្ពិន មានតម្លៃចន្លោះពី៦០០០រៀល-១១០០០រៀលអាស្រ័យតាមតំបន់, ត្រីពោ មានតម្លៃចន្លោះពី៦០០០រៀល-៧០០០រៀល, ត្រីប្រា មានតម្លៃចន្លោះពី៤៣០០រៀល-៥៧០០រៀល,ត្រីឆ្តោរ មានតម្លៃចន្លោះពី១២០០០រៀល-១២៧០០រៀល និងត្រីក្រាញ់ មានតម្លៃចន្លោះពី៧០០០រៀល-៧៥០០រៀល៕