(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០ ០០០រៀល ដើម្បីជាការអបអរសាទរក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ប៉ុន្តែបន្ទាប់ពីដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ប្រភេទថ្មីនេះ ស្រាប់តែក្រុមប្រឆាំងក្រៅស្រុក ពិសេសទណ្ឌិត សម រង្ស៉ី បង្កើតព័ត៌មានបំណុលថា ការបោះពុម្ពលុយថ្មីនេះ ដោយសារសេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដួលរលំ និងថា ដើម្បីបង្គ្រប់ការចំណាយជីកព្រែក ហ្វូណនតេជោ ជាដើម។
សម្រាប់អ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីឈ្មោះ បណ្ឌិត គី សេរីវឌ្ឍន៍ យល់ថាការបោះពុម្ពក្រដាសប្រាក់ប្រភេទថ្មីនេះ មិនបានប៉ះពាល់អ្វីដល់សេដ្ឋកិច្ចកម្ពុជា ហើយក៏មិនមែនរដ្ឋខ្វះខាតថវិកាសម្រាប់ចំណាយនោះដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បានឱ្យដឹងថា ការបោះផ្សាយក្រដាសប្រាក់ ២សែនរៀលនេះ តែ២០លានសន្លឹកទេ បើធៀបនឹងប្រជាពលរដ្ឋកម្ពុជា ១៧លាននាក់ ដូច្នេះប្រជាពលរដ្ឋយើងម្នាក់មានតែក្រដាសប្រាក់នេះ ១សន្លឹកកន្លះប៉ុណ្ណោះ ហើយបើយើងគិតពីចំនួនប្រជាពលរដ្ឋចាយលុយសរុប ១០លាននាក់ មានន័យថាពលរដ្ឋយើងម្នាក់ មានក្រដាសប្រាក់ ២សែនរៀលនេះ តែ២សន្លឹកទេ។ ដូច្នេះថាទំហំនេះ ជាទំហំមួយតូច មិនមែនការបញ្ចេញលុយទំហំទ្រង់ទ្រាយធំអ្វីនោះទេ។
លោកបណ្ឌិតបន្ថែមថា រូបភាពនៃការបោះពុម្ពក្រដាសប្រាក់នេះ គឺជាការរំលឹកអនុស្សាវរីយ៍នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រនៃកម្ពុជា ដែលយើងធ្លាប់ឃើញមានការបោះពុម្ពក្រដាសប្រាក់បែបនេះម្តងរួចមកហើយ កាលពីខួបអនុស្សាវរីយ៍ ១៥ឆ្នាំ គឺបោះពុម្ពក្រដាស ១៥ ០០០រៀល ដែលបទពិសោធន៍នេះ មិនមានផលប៉ះពាល់អ្វីទៅលើសេដ្ឋកិច្ចកម្ពុជានោះទេ ហើយក្រដាស ២សែនរៀលថ្មីនេះក៏ដូចគ្នា គឺគ្រាន់តែជារូបិយវត្ថុអនុស្សាវរីយ៍។
លោកបណ្ឌិតបន្ថែមថា ការបោះពុម្ពក្រដាសថ្មីនេះ មានប្រយោជន៍ផ្សេងទៀត គឺការធ្វើបដិដុល្លារូបនីយកម្ម ដែលជាការបំផុសឱ្យមានការស្រឡាញ់លុយរៀល កាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ។ បន្ថែមលើសពីនេះ ប្រជាពលរដ្ឋដែលនៅជនបទ ដែលមិនទាន់មានការប្រើប្រាស់ឌីជីថល តាមរយៈ QR Code ទូលំទូលាយ ពួកគាត់នៅតែប្រើប្រាស់ ចាយក្រដាស់ប្រាក់ ២សែនរៀល ឬប្រហែល ៥០ដុល្លារនេះ ទី១៖ ងាយស្រួលសន្សំទុក ទី២៖ ងាយស្រួលក្នុងការទូទាត់ទិញលក់កសិផលផ្សេងៗ ទី៣៖ ងាយស្រួលទុកដាក់យកតាមខ្លួនក្នុងការទូទាត់ឆ្ងាយៗ [២សែនរៀលតែមួយសន្លឹក បើលុយ១ម៉ឺនរៀលរហូតដល់ ២០សន្លឹក]។
ចំពោះកង្វល់ថា ការបោះក្រដាសប្រាក់២សែនរៀល រហូតដល់២០លានសន្លឹក ឬប្រហែល ១០០០លានដុល្លារ អាចនឹងធ្វើឱ្យតម្លៃប្រាក់រៀលធ្លាក់ចុះ (លុយរៀលហើម) ត្រូវបានលោកបណ្ឌិតបញ្ជាក់ថា មិនត្រូវទេ ព្រោះក្រដាសប្រាក់ ២សែនរៀលដែលបោះផ្សាយនេះ គឺគ្រាន់តែក្រដាសប្រាក់អនុស្សាវរីយ៍ប៉ុណ្ណោះ ហើយការបោះពុម្ពលុយថ្មីនេះ គឺគ្រាន់តែយកទៅជំនួសលុយរៀល ដែលចាស់ៗ ពុកផុយ ដែលធនាគារជាតិកម្ទេចចោលប៉ុណ្ណោះ ដូច្នេះក្រដាសប្រាក់ ២សែនរៀលថ្មីនេះ មិនបានធ្វើឱ្យបរិមាណលុយរៀល ក្នុងទីផ្សារកើនឡើងនោះឡើយ គឺគ្រាន់តែយកជំនួសក្រដាសប្រាក់ដែលចាស់ៗ ហើយត្រូវកម្ទេចចោលប៉ុណ្ណោះ។
ដោយឡែកសម្រាប់ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលថាការបោះពុម្ពក្រដាសប្រាក់ ២សែនរៀលនេះ ជាកាបរាជ័យរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សេដ្ឋកិច្ចខ្មែរនឹងដួលរលំ, បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា មិនត្រូវទេ គឺជានិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់។ ការបោះពុម្ពក្រដាសប្រាក់២សែនរៀលនេះ ពិតជាបានផ្តល់ផលចំណេញដល់សេដ្ឋកិច្ចខ្មែរ។ ចំពោះថវិការដ្ឋវិញ នៅឆ្នាំ២០២៤នេះ គឺក្នុងរង្វង់ ៧០០០លានដុល្លារ ខណៈការចំណាយចរន្តសម្រាប់ប្រាក់ខែបុគ្គលិក មន្ត្រីរាជការ និងចំណាយសាធារណៈទាំងអស់ចំនួន ៥៨០០លានដុល្លារ ដូច្នេះនៅសល់ ១២០០លានដុល្លារ រដ្ឋាភិបាលបង្វែរថវិកានេះ ចូលមកវិនិយោគសាធារណៈ។ ចំពោះអ្វីដែលយើងឃើញ ថវិការដ្ឋអវិជ្ជមាន [ឱនភាពថវិកាជាតិ (ចំណាយធំជាងចំណូល)] គឺរាជរដ្ឋាភិបាលបានបន្ថែម ការវិនិយោគសារធារណ ដូចជាការធ្វើផ្លូវ កសាងស្ពាន... ដែលជាថវិកាទទួលបានពីក្រៅប្រទេស [ជំនួយឥតសំណង ឬហិរញ្ញប្បទាន]។
បន្ថែមពីនេះ ចំពោះការលើកឡើងរបស់ក្រុមប្រឆាំងក្រៅស្រុកដែលថា ការបោះពុម្ពលុយ២សែនរៀលនេះ ដើម្បីបង្គ្រប់ការចំណាយលើការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ, ត្រង់ចំណុចនេះបណ្ឌិត គី សេរីវឌ្ឍន៍ បានចំអកទៅក្រុមប្រឆាំងទាំងវិញថា សូម្បីតែពួកគេនៅក្រុមតែមួយ ក៏មិនស្រុះស្រួលគ្នាផង ម្នាក់ថារដ្ឋាភិបាលដួលរលំ ឯម្នាក់ទៀតថាខ្វះលុយជីកព្រែក។
លោកបណ្ឌិតពន្យល់ថា ថវិកាសម្រាប់ចំណាយអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ចំនួនប្រមាណ១ ៧០០លានដុល្លារ គឺការវិនិយោគដោយក្រុមហ៊ុនឯកជន មិនពាក់ព័ន្ធនឹងថវិការាជរដ្ឋាភិបាលនោះទេ ហើយចំណាយថវិការបស់រដ្ឋមានភាពរឹងមាំ ចំណាយប្រចាំឆ្នាំមានត្រឹមតែ ៧៨ភាគរយ នៃចំណូលថវិការដ្ឋ ដូច្នេះមិនមានអ្វីគួរឱ្យបារម្ភឡើយ៕