(ភ្នំពេញ)៖ ស្របពេលដែលក្រសួងទេសចរណ៍ កំពុងសិក្សាលើគម្រោងទេសចរណ៍ «ប្រទេស៦ គោលដៅតែ១, Six countries, One Destination» ដែលផ្តួចផ្តើមឡើងដោយប្រទេសថៃ អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានគាំទ្រឱ្យកម្ពុជា ចូលរួមក្នុងគម្រោងនេះ ដើម្បីចាប់ឱកាសស្រូបយកភ្ញៀវទេសចរណ៍ តាមរយៈគម្រោងនេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាគួរចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះ ប៉ុន្តែត្រូវជំរុញឲ្យគម្រោងនេះមានតម្លាភាព ពីព្រោះនេះជាគំនិតរបស់ប្រទេសថៃដែលគេតែងមានផែនការជាក់លាក់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសគេ។
លោកកត់សម្គាល់ថា ថៃមានភាពវ័យឆ្លាតលើវិស័យទេសចរណ៍ តាមរយៈការបង្កើតផលិតផល ឬកញ្ចប់ទេសចរណ៍ថ្មី ដោយបានចាត់ទុកខ្លួនឯងថា ជាច្រកទ្វារមកដល់ដំបូង នៃការមកដល់នៃភ្ញៀវទេសចរ មុននឹងនាំភ្ញៀវទាំងនោះបន្តទៅទស្សនាប្រទេសទាំង ៥ផ្សេងទៀត។
លោកមានប្រសាសន៍ថា ដើម្បីជៀសវាងនូវការបាត់បង់ នូវផលប្រយោជន៍របស់កម្ពុជា, កម្ពុជាក៏ត្រូវតែមានយន្តការ និងផែនការជាក់លាក់ដូចគ្នា ដើម្បីឆក់ឱកាសទទួលបានភ្ញៀវទេសចរ។
លោកបានលើកឡើងបន្ថែមថា ប្រទេសទាំង៤ រួមមានកម្ពុជា ថៃ វៀតណាម និងឡាវ គឺជាប្រទេស ដែលស្ថិតនៅក្នុងគោលដៅដើរទស្សនា របស់ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប។ ហេតុនេះហើយបើសិនជា មានគោលនយោបាយទិដ្ឋាការរួមគ្នាតែមួយ អាចជារឿងល្អសម្រាប់កម្ពុជា។
ជាមួយគ្នានេះ លោកក៏គាំទ្រឱ្យប្រទេសអាស៊ានទាំង១០ រួមទាំង ទីម័រខាងកើត គួរតែមានគោលនយោបាយ និងទិដ្ឋិការរួមគ្នាតែមួយផងដែរ។
គម្រោងទេសចរណ៍ «ប្រទេស៦ គោលដៅតែ១, Six countries, One Destination» ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលថៃ ក្នុងអាណត្តិដឹកនាំដោយ លោក សេដ្ឋា ថៈវីស៊ីន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍ របស់ប្រទេសជាសមាជិកអាស៊ានចំនួន ៦ប្រទេស ជាពិសេសជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនជាងមុន។ ប្រទេសទាំង៦ ដែលថៃកំណត់នៅក្នុងគម្រោងរបស់ខ្លួន នោះរួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ ភូមា និងម៉ាឡេស៊ី។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលានេះថា នេះគឺជាឱកាសមួយ សម្រាប់កម្ពុជា ព្រោះថៃ គឺជាទីតាំងទេសចរណ៍ដ៏មានសក្តានុពលធំមួយនៅអាស៊ី ដែលទទួលភ្ញៀវទេសចរប្រមាណពី២៩ ទៅ ៣០លាននាក់ក្នុងមួយឆ្នាំៗ។ ដូច្នេះហើយនៅពេលដែលថៃ បង្កើតឱកាសនេះ កម្ពុជាក៏គួរតែចាប់យកឱកាសនេះ ដើម្បីទទួលបានលំហូរទេសចរណ៍។
យ៉ាងណាមិញ លោកថា ការចូលរួមក្នុងគម្រោងនេះ កម្ពុជាអាចនឹងរងផលប៉ះពាល់ខ្លះ តាមរយៈការបាត់បង់នូវចំណូលពីទិដ្ឋិការ ប៉ុន្តែរដ្ឋអាចស្រង់យកចំណូលវិញ តាមរយៈពន្ធពីវិស័យឯកជន ដែលផ្តល់នូវសេវាស្នាក់នៅ ដឹកជញ្ជូន និងភោជនីយដ្ឋានជាដើម។
យោងតាមសេចក្តីបំភ្លឺ របស់ក្រសួងទេសចរណ៍កម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជា នៅពុំទាន់មានការឯកភាពគាំទ្រណាមួយ លើគម្រោងទិដ្ឋាការទេសចរណ៍ «ប្រទេស៦ គោលដៅ១» ដែលផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាលថៃនៅឡើយទេ។
ការបំភ្លឺរបស់ក្រសួងទេសចរណ៍ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានជួបពិភាក្សាការងារជាមួយលោក Dustin MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូក្នុងកាលពីថ្ងៃទី២១ ខែតុលា និងមានចុះផ្សាយតាមបណ្តាកាសែតថៃមួយចំនួនថា កម្ពុជាបានយល់ស្រប និងគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងជំនួបនោះ ក្រសួងទេសចរណ៍បានបញ្ជាក់ទៅភាគីថៃថា ក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម គោលនយោបាយទិដ្ឋាការតែមួយរបស់ថៃ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានប្រាប់ឱ្យភាគីថៃ ផ្តល់ឯកសារទស្សនទាន គ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធគំនិតផ្តួចផ្តើមនេះ តាមផ្លូវការទូត មកកាន់ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា៕