(ភ្នំពេញ)៖ លោក ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លើកទឹកចិត្ដដល់អាណាព្យាបាល ជួយតម្រង់ទិសកូនៗ ជៀសវាងរៀនតាមគ្នា ខណៈរដ្ឋាភិបាលក៏ជួយជំរុញបន្ថែម ក្នុងការផ្ដល់នូវចំណេះជំនាញដ៏ត្រឹមត្រូវ ជូនដល់សិស្សានុសិស្ស។
ការលើកឡើងរបស់លោក ជេត ជាលី ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសការងារយុវជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, តើយុវជនគួររៀនជំនាញអ្វី?»។
លោកបានលើកឡើងថា ជាការពិតយុវជនតែងតែផ្អើលតាមគ្នា នេះជាធម្មជាតិរបស់ក្មេងៗ ដូច្នេះមាតាបិតាសិស្សគួរតែជួយសម្របសម្រួល តម្រង់ទិសដល់កូនរបស់ខ្លួន ដូចគ្នាជ្រុងដែលរាជរដ្ឋាភិបាលនឹងត្រូវធ្វើ គឺបាននិងកំពុងធ្វើហើយ គឺជួយជំរុញបន្ថែម ដល់សិស្សានុសិស្ស ក្នុងការសិក្សា។
លោក ជេត ជាលី ចំពោះការជ្រើសរើសជំនាញ គួរជ្រើសយកជំនាញណាដែលប្រកួតប្រជែង ជាមួយប្រទេសជិតខាង ជាចំណុចខ្លាំងរបស់យើង ដូច្នេះដើម្បីឲ្យមានអ្នកសិក្សាច្រើន ជំនាញនេះត្រូវប្រើប្រាស់ថវិកា ដើម្បីទាញឲ្យមានការចូលសិក្សាជំនាញនេះ ដូច្នេះរាជរដ្ឋាភិបាលជួយពន្យល់បន្ថែម អាណាព្យាបាល មាតាបិតាជួយបន្ថែម នោះកូនៗនឹងឆ្ពោះទៅរកជំនាញបានត្រឹមត្រូវ ជួយដល់ក្រុមគ្រួសារ និងសង្គមជាតិ។
លោកបានបន្ថែមថា ជាការពិតការរៀនភាគច្រើន គឺមើលទៅតាមទីផ្សារ បើជំនាញណាមានទីផ្សារច្រើនជាង មនុស្សតែងតែរៀនជំនាញនោះ ប៉ុន្ដែអ្វីដែលគួរតែមានទៀតនោះ គឺការចេះព្យាករទុកមុន ដូច្នេះយើងជាចាស់ទុំអាចមើលឃើញ និងមើលធ្លុះបាន ដូច្នេះចូរម្រង់ទិសកូនៗ ឲ្យទៅរកកន្លែងមួយ ដែលអាចជួយដល់ពួកគេបានច្រើន៕