(ភ្នំពេញ)៖ ឆ្លើយតបនឹងសំនួរ របស់យុវជនភាគច្រើន ដែលតែងតែចង់ដឹងថា តើខ្លួនគួរតែរៀនជំនាញអ្វី ដើម្បីងាយស្រួលក្នុងការងារធ្វើ? លោក ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានប្រាប់យ៉ាងខ្លីថា រៀនអ្វីក៏មានការងារធ្វើ ឲ្យតែចេះច្បាស់ ខ្លាចតែរៀនហើយ ចេះមិនច្បាស់។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជេត ជាលី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសការងារយុវជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, តើយុវជនគួររៀនជំនាញអ្វី?» ក្នុងកម្មវិធី FRESH BUSINESS។
លោក ជេត ជាលី បានបញ្ជាក់យ៉ាងដូច្នេះថា «ទីផ្សារការងារស្រុកខ្មែរ មានការងើបឡើងគ្រប់វិស័យ អីចឹងរៀនអីក៏មានការងារធ្វើដែល ឲ្យតែចេះច្បាស់ ខ្ញុំខ្លាចតែរៀនហើយ ចេះមិនច្បាស់នោះទេ»។ លោកថា ជីវិតម្នាក់ៗគឺខុសៗគ្នា គិតថា ខ្លួនពូកែអ្វី រៀនខាងជំនាញនោះ។
ដោយឡែក លោក សេង សុខហេង នាយករងវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) បានឲ្យដឹងថា ជាទិដ្ឋភាពទូទៅ អ្នកដែលមានជំនាញផ្នែកបច្ចេកទេស មិនសូវជាមានសំបូរបែបនោះទេ។
លោក សេង សុខហេង បានបន្ថែមទៀតថា ការបណ្ដុះបណ្ដាលបច្ចេកទេស នាពេលបច្ចុប្បន្ន គឺវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា ផ្ដល់នូវការបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹង អ្វីដែលកំពុងកើតឡើង នៅក្នុងទីផ្សារការងារ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង៖