(ភ្នំពេញ)៖ លោក ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានឆ្លើយតបជាមតិមួយចំនួន ដែលតែងតែលើកឡើងថា សាកវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ថ្នាក់ឧត្តមសិក្សារៀនតែទ្រឹស្ដីខ្វះការអនុវត្ត ដូច្នេះពេលបញ្ចប់ការសិក្សាសិស្ស និស្សិតភាគច្រើន ពុំសូវចាប់បាននូវចំណេះជំនាញធ្វើនោះទេ ច្រើនតែចេះតែទ្រឹស្ដី។
ទាក់ទិនបញ្ហានេះលោកបានបញ្ជាក់ថា ពីមុនជាការពិតយើងរៀនទ្រឹស្ដីច្រើនការអនុវត្តតិច ប៉ុន្ដែឥឡូវនេះមិនដូច្នេះទេ ទាំងការអនុវត្ត និងទ្រឹស្ដី គឺធ្វើស្មើភាពគ្នា។
ការលើកឡើងរបស់លោក ជេត ជាលី ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសការងារយុវជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, តើយុវជនគួររៀនជំនាញអ្វី?»។
លោក ជេត ជាលី បានលើកឡើងថា «ចំពោះការលើកឡើងនេះខ្ញុំឯកភាពថា ជាការពិតភាគច្រើន យើងរៀនទ្រឹស្ដីតែនេះជារឿងពីមុនប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះប្ដូរច្រើនណាស់ ជាក់ស្ដែងយើងបានវិនិយោគលើ បន្ទប់ពិសោធន៍ច្រើន ដើម្បីឲ្យសិស្សនិស្សិតចុះអនុវត្តន៍ផ្ទាល់។ ជាក់ការពិតបច្ចុប្បន្ននេះមិនមែន មានតែសាលាភូមិន្ទភ្នំពេញនោះទេ សូម្បីតែសាលាដទៃក៏បានកែទម្រង់ដែរ»។
លោក ជេត ជាលី បានថ្លែងបន្ដថា ក្រៅពីនោះយើងមានសហការជាមួយ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ និងសហគ្រាស ដើម្បីរុញកូនសិស្សឲ្យចូលអនុវត្តន៍ផ្ទាល់នៅសហគ្រាស។
លោក សេង សុខហេង នាយករងវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) បានថ្លែងថា សម្រាប់វិទ្យាស្ថានជាតិ ពហុបច្ចេកវិទ្យាកម្ពុជា ការបណ្ដុះបណ្ដាល គឺផ្អែកលើវិជ្ជាជីវៈ ដូច្នេះការបណ្ដុះបណ្ដាលរោងជាង ត្រូវការពេលវេលាច្រើនជាងការរៀនទ្រឹស្ដី៕