(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកទឹកដល់យុវជនកម្ពុជា ឱ្យចាប់ជំនាញផ្នែកបច្ចេកទេស ដើម្បីទទួលបានឱកាសការងារច្រើន និងសម្រាប់បំពេញតម្រូវការកម្លាំងពលកម្ម នាពេលបច្ចុប្បន្ន។
លោកបណ្ឌិត ជេត ជាលី លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS: ពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសការងារយុវជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, តើយុវជនគួររៀនជំនាញអ្វី?»។
លោកបានកត់សម្គាល់ថា បើទោះបីជាជំនាញនេះល្អក៏ដោយ ប៉ុន្តែយុជនកម្ពុជាហាក់មិនសូវចាប់អារម្មណ៍រៀនជំនាញបច្ចេកទេសនោះទេ ខណៈរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ និងខិតខំបណ្តុះបណ្តាល។
លោកលើកឡើងថា ជំនាញបច្ចេកទេស គឺជាជំនាញដែលផ្តល់នូវឱកាសការងារច្រើន ទទួលបានប្រាក់ខែ និងប្រាក់ចំណូលខ្ពស់សមរម្យ។ បើសិន ខិតខំយកចិត្តទុកដាក់រៀនសូត្រ និងចេះឱ្យច្បាស់ នោះការងារ និងប្រាក់ចំណូលនឹងរត់រក។
លោក សេង សុខហេង នាយករងវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) លើកឡើងថា ការណ៍ដែលយុវជនកម្ពុជា មិនចាប់អារម្មណ៍ក្នុងការរៀនជំនាញបច្ចេកទេស អាចមកពីរបត់គំនិតរបស់យុវជន មិនទាន់យល់អ្វីទៅ ជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ដូច្នេះហើយបានជាវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា បានបង្កើនការផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យយុវជន ជាពិសេសសិស្សក្នុងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ យល់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស៕
សូមទស្សនាការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត ជេត ជាលី និង លោក សេង សុខហេង