(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា សហការជាមួយផ្សារមូលបត្រកម្ពុជា (CSX) បានរៀបចំ «ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First STOCK ឆ្នាំ ២០២៤» លើកទី៧ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមុខងារទូទាត់សាច់ប្រាក់ តាមពហុភ្ជាប់ភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ ដើម្បីបង្ហាញពីឱកាសវិនិយោគ និងលើកទឹកចិត្តវិនិយោគិនថ្មី ឈានជើងចូលទីផ្សារមូលបត្រកម្ពុជា។
ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា លើកទី៧នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, តំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ក្រុមហ៊ុនជាតិ អន្តរជាតិ, វិនិយោគិនស្ថាប័ន, ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៤ មានរយៈពេល៣ ថ្ងៃនេះ គឺថ្ងៃទី ២៥ ដល់ ២៧ ខែតុលា ឆ្នាំ ២០២៤ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងជំរុញការសិក្សាស្វែងយល់ របស់សាធារណជន អំពីកាលានុវត្តភាពវិនិយោគ ក្នុងទីផ្សារមូលបត្រកម្ពុជា ដែលជាផ្នែកមួយក្នុងការបង្កើនសមត្ថភាព និង ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងវិនិយោគ ។
លោក ហុង សុហួរ បានថ្លែងថា ការវិនិយោគទៅលើភាគហ៊ុន គឺជាជម្រើសមួយដ៏ល្អប្រសើរ សម្រាប់អ្នកដែលទើបចាប់ផ្តើមរៀនវិនិយោគដំបូង ដោយចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែទទួលបាននូវអត្ថប្រយោជន៍ច្រើន និងអាចពង្រីកនូវសំណុំវិនិយោគ ដើម្បីបង្កើតចំណូលអកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈទីផ្សារមូលបត្រនេះ។
លោកលើកទឹកចិត្តដល់សាធារណជន គួរតែចាប់ផ្តើមវិនិយោគឱ្យបានលឿន និង អនុវត្តឱ្យបានខ្ជាប់ខ្ជួនដោយការយកសាច់ប្រាក់ ដែលសល់ពីការចំណាយចាំបាច់ មកវិនិយោគដើម្បីសម្រេចបាន នូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន នាពេលអនាគត។ បានស្នើឱ្យសាធារណជនចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីឱ្យសេដ្ឋកិច្ចជាតិរឹងមាំ។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត។ ដូច្នេះ យើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ ។
លោកបានគូសបញ្ជាក់ថា «វិស័យមូលបត្រ គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលមានសក្តានុពលខ្ពស់ នៅក្នុងការជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការផ្តល់នូវប្រភពទុនរយៈពេលវែង សម្រាប់សហគ្រាសក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ អាស្រ័យហេតុនេះ ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យមូលបត្រ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងនិរន្តរភាព, និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយនានា សំដៅធ្វើឱ្យវិស័យមូលបត្រនៅកម្ពុជា អាចរីកចម្រើនបានឆាប់រហ័ស ប្រកបដោយនិរន្តរភាព បរិយាបន្ន និងនវានវុត្តន៍»។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចថា ផ្សារមូលបត្រកម្ពុជា តែងផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្ម និង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យមូលបត្រ។ ជាក់ស្តែង, ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ មុខងារពហុភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (Multi-CSAs) នឹងផ្តល់ជាអត្ថប្រយោជន៍ និងជាជម្រើសដល់វិនិយោគិន ក្នុងការដកដាក់សាច់ប្រាក់បានកាន់តែងាយស្រួល។ តាមរយៈមុខងារថ្មីនេះ ធនាគារជាច្រើន ដែលនៅក្រៅវិស័យមូលបត្រ នឹងចាប់អារម្មណ៍ធ្វើជា ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដែលប្រការនេះនឹងអាចជួយបង្កើនចំនួនវិនិយោគិនក្នុងទីផ្សារមូលបត្រផងដែរ។
ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមុខងារនេះជាសក្ខីភាពមួយទៀតដែលបានបង្ហាញពីភាពរីកចម្រើនរបស់វិស័យមូលបត្រនៅកម្ពុជា បន្ទាប់ពីការបើកគណនី និងជួញដូរតាមអនឡាញ ស្របតាមបរិវត្តកម្មឌីជីថល ។
បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា បើទោះជាបច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនចុះបញ្ជី និង ការជួញដូរមិនទាន់សកម្មខ្លាំងក្លាក៏ដោយ, ការអភិវឌ្ឍរបស់ទីផ្សារនេះ កំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ តាមរយៈការបង្កើតផលិតផល និង សេវាកម្មថ្មីៗ ជាបន្តបន្ទាប់ ព្រមទាំងការផ្សព្វផ្សាយ និង ការបណ្តុះបណ្តាល ដែលបាននិងកំពុងអនុវត្តដល់វិនិយោគិនសាធារណៈ។
បណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ ក្នុងការទាក់ទាញក្រុមហ៊ុនបោះផ្សាយ និង វិនិយោគិន, ការបង្កើតផលិតផលវិនិយោគផ្សេងៗ និង ការរៀបចំយន្តការនានាដើម្បីសម្រួលដល់ដំណើការជួញដូរ, ផ្សារមូលបត្រកម្ពុជា នឹងរកឃើញនូវកត្តាគន្លឹះថ្មីៗ ដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លា និង ប្រកបដោយនិរន្តរភាព៕