(វ៉ាស៊ីនតោន)៖ អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលខាងមុខនឹងមានផលជះដល់ប្រទេសនានាជុំវិញពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
អ្នកស្រី Gita Gopinath អនុប្រធានទី១ នៃមូលនិធិ IMF បានថ្លែងក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ថា៖ «អ្វីដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិកជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក ហើយក៏ជាបញ្ហាសម្រាប់ពិភពលោកទាំងមូលផងដែរ»។
អ្នកស្រីបាននិយាយថា ការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខគឺជាផ្នែកសំខាន់មួយនៃការពិភាក្សានៅឯកិច្ចប្រជុំរបស់មូលនិនធិ IMF និងធនាគារពិភពលោក (WB) ដែលធ្វើឡើងនៅសប្តាហ៍នេះនៅទីក្រុងវ៉ាស៊ីនតោន។
អ្នកស្រី Gopinath បានបន្ថែមថា ការបោះឆ្នោតធ្វើឡើងក្នុងគ្រាដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈដែលប្រទេសនានាកំពុងចោទសួរកាន់តែខ្លាំងឡើងអំពីតម្លៃនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោកដែលជិតស្និទ្ធ។
អ្នកស្រីបាននិយាយថា មូលនិធិ IMF ដឹងថា ប្រទេសនានាកំពុងបង្កើតក្រុមផ្សេងទៀតដូចជាក្រុមប្រទេស BRICs ដែលដំបូងឡើយមានតែប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិ IMF នៅតែបន្តមើលឃើញថា ក្រុមប្រទេសទាំងនោះ «មានការពាក់ព័ន្ធយ៉ាងខ្លាំង» ជាមួយការងាររបស់មូលនិធិ IMF។
ទោះបីជាសេដ្ឋកិច្ចអាមេរិក «រឹងមាំ» ជាមួយនឹងអតិផរណារំពឹងថានឹងបន្តធ្លាក់ចុះក្តី ក៏ប៉ុន្តែ «ប្រសិនបើគោលជំហរសារពើពន្ធកាន់តែមានភាពពង្រីកខ្លាំងឡើងនោះ វាអាចផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចជារួមក្នុងទិសដៅផ្សេងទៀតផងដែរ»។
អ្នកស្រីបានបន្ថែមថា ទោះបីជាបន្ទុកបំណុលរបស់សហរដ្ឋអាមេរិកបានកើនឡើងក៏ដោយ ប៉ុន្តែវាមាន «និរន្តរភាពខ្លាំង» ហើយប្រទេសនេះមានសេដ្ឋកិច្ចដ៏ខ្លាំងបំផុតមួយនៅក្នុងពិភពលោក។ ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនគួរតែកាត់បន្ថយឱនភាពថវិការបស់ខ្លួន និងរៀបចំខ្លួនទប់ទល់នឹងកត្តាមិនល្អដែលនឹងកើតឡើងដោយជៀសមិនរួច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕