(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងទីផ្សារជួញដូរភាគហ៊ុន បានលើកទឹកចិត្តដល់អ្នក ដែលកំពុងវិនិយោគភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រ សូមមានភាពអត់ធ្ងត់ ដើម្បីទទួលបានផលចំណេញ ពីការជួញដូរភាគហ៊ុននាពេលខាងមុន។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ទទួលស្គាល់ថា កន្លងមកវិនិយោគិនចាស់ហាក់មិនសូវទទួលបានផលចំណេញច្រើន ឬរងការខាតបង់ពីការវិនិយោគលើភាគហ៊ុន ដោយសារតែតម្លៃភាគហ៊ុននៅកម្ពុជា នៅមានតម្លៃទាប។ តែយ៉ាងនេះក្តីលោកលើកទឹកឱ្យវិនិយោគិន មានភាពអត់ធ្មត់ក្នុងស្ថានភាពនៃទីផ្សារបច្ចុប្បន្ន ដែលកំពុងតែរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល និងសង្រ្គាមភូមិសាស្រ្តនយោបាយជាដើម។
លោកលើកឡើងថា «វិនិយោគិនបើសិនមានការអត់ធ្មត់គ្រប់គ្រាន់ នឹងអាចទទួលផលចំណេញច្រើន នាពេលអនាគត។ តាមពាក្យរបស់លោក Warren Buffett វិនិយោគិនល្បីជាងគេលើពិភពលោក ដែលលោកបានប្រើពាក្យមួយថា ទីផ្សារភាគហ៊ុន គឺជាឧបករណ៍ការផ្ទេរប្រាក់ពីអ្នកដែលគ្មានភាពអត់ធ្មត់ ទៅអ្នកដែលមានភាពអត់ធ្មត់។ ជារួមអ្នកចេះអត់ធ្មត់ ទទួលបានលុយ»។
លោកសង្ឃឹមថា នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុន វិនិយោគិននឹងទទួលបានប្រាក់ចំណេញ។ លោកជឿជាក់ថា ការជួញដូរភាគហ៊ុន នឹងធ្វើឱ្យយើងទទួលបានប្រភពចំណូលមួយថ្មី និងបង្កើតនូវប្រភពចំណូលមួយថ្មីសម្រាប់កម្ពុជា។
ទន្ទឹមគ្នានេះ លោកក៏លើកទឹកចិត្តដល់វិនិយោគិន សាកល្បងចាប់ផ្តើមជួញភាគហ៊ុននៅកម្ពុជា ចាប់ពីទឹកប្រាក់តិចតួច ពោលគឺចាប់ពី៥ដុល្លារទៅ ១០០ដុល្លារ ដើម្បីការរីកចម្រើននៃសេដ្ឋកិច្ច និងរួមចំណែកដល់ការសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
បើតាម លោក ហុង សុហួរ នៅឆ្នាំ២០២៤នេះ ការជួញដូរភាគហ៊ុន ជាមធ្យម ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃធ្លាក់ចុះជាងឆ្នាំមុនបន្តិច។
តែយ៉ាងនេះក្តីបើទោះបីជាទំហំនៃការជួញដូរធ្លាក់ចុះ ប៉ុន្តែចំនួននៃការដាក់បញ្ជាទិញលក់ច្រើនជាងឆ្នាំមុន ដោយសារកើនឡើង នៃការវិនិយោគកម្រិតតួច ដែលធ្វើឱ្យទីផ្សារមូលបត្រ ឆ្នាំនេះមានភាពសកម្មជាងឆ្នាំមុន។
លោកមានប្រសាសន៍ថា «ខ្ញុំមានក្តីស្រមៃមួយថា ផ្សារមូលបត្ររបស់យើងនឹងមានអ្នកវិនិយោគដល់ ១លាននាក់, ការទិញលក់ប្រចាំថ្ងៃដល់ ១០០លានដុល្លារ, ម្ចាស់អាជីវកម្មអាចចូលផ្សារហ៊ុន និងកៀរគទុនបានដល់ ១០០០លានដុល្លារ ក្នុងមួយឆ្នាំ, អ្នកវិនិយោគសាធារណៈនឹងអាចមានភាគហ៊ុន ដែលមានតម្លៃសរុបដល់ ១លានដុល្លារ រាប់រយរាប់ពាន់នាក់, ហើយអាជីវកម្ម ដែលមានតម្លៃរយលានពាន់លានដុល្លារ នឹងមានរាប់មិនអស់នៅកម្ពុជា។ ទាល់តែដល់ពេលនោះ ទើបកម្ពុជាសមជាប្រទេសអ្នកមាន។ ទាល់តែដល់ពេលនោះ ទើបសេដ្ឋកិច្ចកម្ពុជាលែងសូវជាប់គាំង ដោយសារតែវិបត្តិក្នុងវិស័យអចលនទ្រព្យ ឬដោយសារទេសចរបរទេសមានការធ្លាក់ចុះ។ល។ សូមចូលរួមទាំងអស់គ្នា ដើម្បីអនាគតកម្ពុជា និងអនាគតរបស់ខ្លួនឯង»។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត។ ដូច្នេះយើងគួរគប្បីរៀន និង ចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ។
បើតាមលោក ហុង សុហួរ គិតត្រឹមបច្ចុប្បន្ននេះ ទីផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរប្រមាណជាង ៥ម៉ឺន៧ពាន់គណនី រំពឹងថាចំនួនគណនីជួញដូរនឹងកើនឡើងដល់៦ម៉ឺននៅក្នុងដំណាច់ឆ្នាំនេះ៕