(វ៉ាស៊ីនតោន)៖ ក្រុមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងមន្ត្រីធនាគារកណ្តាលរបស់ក្រុមប្រទេស G20 មើលឃើញថា សេដ្ឋកចិ្ចពិភពលោកនឹងជួបប្រទះការថមថយសេដ្ឋកិច្ចសន្សឹមៗដែលអាចជួយទប់ស្កាត់កំណើនអតិផរណា (soft landing) ប៉ុន្តែបានព្រមានពីការកើនឡើងហានិភ័យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ការថមថយសេដ្ឋកិច្ចបែបនេះតែមិនបណ្តាលឱ្យសេដ្ឋកិច្ចធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចគឺជាលទ្ធផលដែលកើតចេញពីវិធានការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដើម្បីទប់ស្កាត់កំណើនអតិផរណា ពោលគឺជាលទ្ធផលដែលធនាគារកណ្តាលរបស់ប្រទេសមួយចង់បាន។
ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសនេះថា៖ «យើងសង្កេតឃើញមានចក្ខុវិស័យដ៏ល្អនៃការថមថយសេដ្ឋកិច្ចសន្សឹមៗនេះនៃសេដ្ឋកិច្ចពិភពលោក ទោះបីជាបញ្ហាប្រឈមជាច្រើននៅតែមានក៏ដោយ»។
ក្រុមហ៊ុន G20 បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅខាងក្រៅកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍នេះថា៖ «កំណើនសេដ្ឋកិច្ចមិនមានតុល្យភាពយ៉ាងខ្លាំងក្នុងប្រទេសនានានៅទូទាំងពិភពលោកដែលរួមចំណែកដល់ហានិភ័យនៃការកើនឡើងវិសមភាពសេដ្ឋកិច្ច»។
ក្រុមប្រទេសនេះបាននិយាយថា ទិន្នផលសេដ្ឋកិច្ចសកល «នៅតែមានភាពធន់» ប៉ុន្តែ «ហានិភ័យធ្លាក់ចុះមួយចំនួនបានកើនឡើងក្នុងគ្រាដែលមានការកើនឡើងភាពមិនប្រាកដប្រជា» ដោយសារសង្គ្រាម ការបែកបាក់សេដ្ឋកិច្ច ការឡើងថ្លៃហួសហេតុនៃតម្លៃទំនិញ។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលខាងមុខ គឺជាការផ្តោតសំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយនៅទូទាំងពិភពលោកដែលជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន។
លោក Fernando Haddad រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសប្រេស៊ីលបានឱ្យដឹងនៅក្នុងរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការប្រកួតប្រជែងរវាងអនុប្រធានាធិបតីអ្នកស្រី Kamala Harris និងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងមានផលជះនៅទូទាំងសកលលោក។
ទេសាភិបាលធនាគារកណ្តាលប្រេស៊ីលលោក Roberto Campos Neto បាននិយាយនៅក្នុងសន្និសីទ G20 ដូចគ្នាថា មានភាពមិនច្បាស់លាស់ជាច្រើនជុំវិញផលជះនៃការបោះឆ្នោតដែលនឹងរំខានដល់ soft landing និងជំរុញឱ្យមានអតិផរណា។
ក្រុមប្រទេស G20 ក៏បានព្រមានប្រឆាំងនឹងការកើនឡើងរបាំងពាណិជ្ជកម្ម ដែលជាប្រធានបទនៃការពិភាក្សាក្នុងអំឡុងកិច្ចប្រជុំផងដែរ ជាពិសេសផែនការដកហូតពន្ធរបស់លោក ត្រាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕