(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ី បាននិងកំពុងពិចារណាលើគម្រោងនាំចូលអង្ករ ចំនួន១លានតោន ពីប្រទេសឥណ្ឌា នៅឆ្នាំ២០២៥ ដើម្បីធានាការផ្គត់ផ្គង់ រហូតដល់ការប្រមូលផលចម្បងរបស់ខ្លួន។ នេះបើយោងតាមសម្តី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូនេស៊ី លោក Zulkifli Hasan បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីកសិកម្ម និងស្បៀងអាហារ នៅថ្ងៃអង្គារ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

ទិន្នផលអង្កររបស់ឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ស្មានថា នឹងធ្លាក់ចុះ២.៤៣ភាគរយ ក្នុងឆ្នាំនេះ មកនៅត្រឹម៣០.៣៤លានតោន, ដោយសារតែការពន្យារពេលដាំដុះ និងរដូវកាលប្រមូលផល ចំពេលអាកាសធាតុរឹងស្ងួតមានរយៈពេលយូរ ក្នុងឆ្នាំ២០២៣។ នេះបើតាមការិយាល័យទិន្នន័យ បានឱ្យដឹងកាលពីដើមខែនេះ។

«យើងត្រូវការបន្ថែម១លានតោន... ដូច្នេះយើងអាចផ្គត់ផ្គង់រហូតដល់ខែកុម្ភៈ។ ទិន្នផលអំឡុងខែធ្នូ ដល់ខែកុម្ភៈ គឺជាធម្មតាតិចជាង» នេះបើតាមសម្តីប្រធានទីភ្នាក់ងារជាតិស្បៀងអាហារ Arief Prasetyo Adi បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមានកិច្ចប្រជុំជាមួយលោក Hasan។

អង្ករ គឺជាអាហារចម្បងសម្រាប់ប្រជាជនភាគច្រើន នៃអត្រាប្រជាជន២៨០លាននាក់របស់ឥណ្ឌូនេស៊ី ហើយការប្រមូលផលស្រូវចម្បង ជាធម្មតាចាប់ផ្តើមនៅក្នុងខែមីនា។

ការនាំចូលអង្កររបស់ឥណ្ឌូនេស៊ី បានកើនឡើង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ, កើនឡើងដល់ជាង៣លានតោន ក្នុងមួយឆ្នាំ។

ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មានបំណងនាំចូលអង្កររហូតដល់៣.៦លានតោន ក្នុងឆ្នាំនេះ។ ឥណ្ឌនេស៊ី ក៏មានគម្រោងក្នុងការបើកផ្ទៃដីស្រែថ្មី ចម្លោះពី៧៥០,០០០ហិកតា ដល់១លានហិកតា ក្នុងឆ្នាំ២០២៥ខាងមុខ ដើម្បីសម្រេចបាននូវគោលដៅ ការពឹងផ្អែកខ្លួនឯងផ្នែកស្បៀងអាហារ៕