(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា បានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ឆ្នាំ២០២៤ ជាលើកទី៧ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ នាថ្ងៃទី២៥ ដល់២៧ ខែតុលា ឆ្នាំ២០២៤។ សាធារណជនយ៉ាងច្រើន បានបង្ហាញចំណាប់អារម្មណ៍ និងបានបង្ហាញពីការយល់ដឹងពីវិស័យមូលបត្រជាងឆ្នាំមុនៗ និងបានបើកគណនីជាង ២០០០គណនីក្នុងរយៈពេល ៣ថ្ងៃ នៅក្នុងពិព័រណ៍នេះ។
តាមរយៈការផ្សព្វផ្សាយកន្លងមក តាមរយៈវគ្គបណ្តុះបណ្តាល វីដេអូណែនាំ និងមាតិកាអប់រំផ្សេងៗ វិនិយោគិនបានយល់ដឹងកាន់តែច្រើនពីមូលដ្ឋានក្នុងការវិនិយោគ និងបានបង្ហាញពីឆន្ទៈក្នុងការវិនិយោគរយៈពេលវែង និងភាពវិជ្ជមានខ្ពស់ចំពោះការរីកចម្រើននូវផ្សារហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ម៉្យាងវិញទៀត ការជួញដូរក្នុងផ្សារមូលបត្រមិនដែលមានបញ្ហាកើតឡើងទេ សម្រាប់វិនិយោគិន និងតួអង្គពាក់ព័ន្ធឡើយ ដែលនេះក៏បានបន្ថែមនូវទំនុកចិត្តសម្រាប់វិនិយោគិន និងវិស័យទាំងមូល។
តាមរយៈហេដ្ឋារចនាសម្ព័ន្ធទីផ្សារកាន់តែរឹងមាំ និងមានភាពទំនើបជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ, ចំនួនតួអង្គក្នុងទីផ្សារកាន់តែច្រើន, ចំនួនវិនិយោគិនកាន់តែច្រើន, ការបណ្តុះបណ្តាល កាន់តែទូលំទូលាយ, និងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកាន់ខែខ្លាំង យើងសង្កេតឃើញថា វិនិយោគិនកាន់តែជឿជាក់ និងមានទំនុកចិត្តមកលើទីផ្សារមូលបត្រកម្ពុជា។
ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ដែលមានរយៈពេល ៣ ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រៀបការយល់ដឹង និងជំរុញការសិក្សាស្វែងយល់ របស់សាធារណជន អំពីកាលានុវត្តភាពវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ដែលជាផ្នែកមួយក្នុងការបង្កើនសមត្ថភាព និង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ។
ស្របពេលជាមួយនឹងការធ្លាក់ចុះនៃថ្លៃភាគហ៊ុន ដោយសារកត្តាសេដ្ឋកិច្ចជាសកល ប្រធានបទនៃពិព័រណ៍ឆ្នាំនេះ គឺ ផ្សារមូលបត្រកម្ពុជា ឱកាសមាសក្នុងការវិនិយោគ។ បើទោះបីជា ទំហំសាច់ប្រាក់ហូរចូលផ្សារមូលបត្រ ក្នុងឆ្នាំ ២០២៤នេះ មានទំហំតិចជាងឆ្នាំ ២០២៣ ប៉ុន្តែចំណាប់អារម្មណ៍របស់វិនិយោគិន និងចំនួនវិនិយោគិនថ្មី មានការកើនឡើងច្រើនជាងឆ្នាំ ២០២៣។ ក្នុងឆ្នាំ ២០២៤នេះ យើងរំពឹងថា គណនីជួញដូរនឹងកើនឡើងជាង ១៥០០០គណនី។
លោក ហុង សុហួរ បានថ្លែងថា ការវិនិយោគទៅលើភាគហ៊ុន គឺជាជម្រើសមួយដ៏ល្អប្រសើរ សម្រាប់អ្នកដែលទើបចាប់ផ្តើមរៀនវិនិយោគដំបូង ដោយចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែទទួលបាននូវអត្ថប្រយោជន៍ច្រើន និង អាចពង្រីកនូវសំណុំវិនិយោគ ដើម្បីបង្កើតចំណូលអកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈទីផ្សារមូលបត្រនេះ។
លោកបានអំពាវនាវឱ្យសាធារណជន ចូលរួមសាកល្បងវិនិយោគភាគហ៊ុន និងបានបន្ថែមថា «ខ្ញុំមានក្តីស្រមៃមួយថា ផ្សារមូលបត្ររបស់យើងនឹងមានអ្នកវិនិយោគដល់ ១លាននាក់, ការទិញលក់ប្រចាំថ្ងៃដល់ ១០០លានដុល្លារ, ម្ចាស់អាជីវកម្មអាចចូលផ្សារហ៊ុន និងកៀរគទុនបានដល់ ១០០០លានដុល្លារ ក្នុងមួយឆ្នាំ, អ្នកវិនិយោគសាធារណៈនឹងអាចមានភាគហ៊ុន ដែលមានតម្លៃសរុបដល់ ១លានដុល្លារ រាប់រយរាប់ពាន់នាក់, ហើយអាជីវកម្ម ដែលមានតម្លៃរយលាន ពាន់លានដុល្លារ នឹងមានរាប់មិនអស់ នៅកម្ពុជា»។
លោកថា «ទាល់តែដល់ពេលនោះ ទើបកម្ពុជាសមជាប្រទេសអ្នកមាន។ ទាល់តែដល់ពេលនោះ ទើបសេដ្ឋកិច្ចកម្ពុជាលែងសូវជាប់គាំង ដោយសារតែវិបត្តិក្នុងវិស័យអចលនទ្រព្យ ឬដោយសារទេសចរបរទេសមានការធ្លាក់ចុះ។ល។ ដូច្នេះ យើងគួរតែចាប់ផ្តើមវិនិយោគឱ្យបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយការយកសាច់ប្រាក់ដែលសល់ពីការចំណាយចាំបាច់ មកវិនិយោគដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន នាពេលអនាគត។ ការវិនិយោគភាគហ៊ុន គឺមិនត្រឹមតែដើម្បីខ្លួនឯង តែក៏ដើម្បីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាផងដែរ»។
នៅក្នុងពិព័រណ៍នេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មុខងារទូទាត់សាច់ប្រាក់តាមពហុភ្ជាប់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (Multi-CSAs) ផងដែរ។ មុខងារនេះសម្រួល និងបន្ថែមជម្រើសដល់វិនិយោគិន ក្នុងការជ្រើសរើសធនាគារណាមួយ ដែលខ្លួនពេញចិត្តក្នុងដកដាក់សាច់ប្រាក់ចូលគណនីជួញដូរ។
ផ្សារមូលបត្រកម្ពុជាជឿជាក់យ៉ាងមុតមាំថា ទីផ្សាររបស់យើងនឹងវិវឌ្ឍទៅមុនទ្វេរឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រកប ដោយចេរភាព ដោយសារកំណើនវិនិយោគិនឥតឈប់ឈរ ទំនុកចិត្តមកលើទីផ្សារ ក៏ដូចជាការពង្រឹងតម្លាភាព និងភាពរីកចម្រើនទៅលើការបង្កើតផលិតផលវិនិយោគផ្សេងៗ និង ការបង្កើតយន្តការនានាដើម្បីសម្រួលដល់វិនិយោគិន៕